Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 15 - ព្រះគម្ពីរខ្មែរសាកល


ទំនៀមទម្លាប់របស់មនុស្ស

1 ពេលនោះ មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ពី​យេរូសាឡិម​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖

2 “ហេតុអ្វីបានជា​ពួក​សិស្ស​របស់លោក​បំពាន​ទំនៀមទម្លាប់​របស់​ចាស់បុរាណ​ដូច្នេះ​? ដ្បិត​ពួកគេ​មិន​លាង​ដៃ​របស់​ខ្លួន​នៅពេល​ហូប​នំប៉័ង​ទេ​!”។

3 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ចុះ​អ្នករាល់គ្នា ហេតុអ្វីបានជា​បំពាន​សេចក្ដីបង្គាប់​របស់​ព្រះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​ទៅវិញ​?

4 ដ្បិត​ព្រះ​បាន​បង្គាប់ថា​: ‘ចូរ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ ​ហើយ​ថា​: ‘ត្រូវតែប្រហារជីវិត​អ្នក​ដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ’ ។

5 ប៉ុន្តែ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​និយាយថា​: ‘អ្នកណាក៏ដោយដែល​និយាយ​នឹង​ឪពុក ឬ​ម្ដាយ​ថា​: “អ្វីក៏ដោយដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុកអ្នកម្ដាយ ទៅជា​តង្វាយ​ថ្វាយព្រះ​ហើយ”

6 អ្នកនោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយរបស់​ខ្លួន​ទៀតឡើយ’។ អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ព្រះបន្ទូលរបស់​ព្រះ​ទៅជាមោឃៈ​ដូច្នេះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​។

7 ពួក​មនុស្សមានពុត​អើយ! អេសាយ​បាន​ព្យាករ​អំពី​អ្នករាល់គ្នា​ត្រូវ​ហើយ ថា​:

8 ‘ប្រជាជន​នេះ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​។

9 ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្ស​ជា​គោលលទ្ធិ ’ ”។


សេចក្ដីសៅហ្មងមកពីខាងក្នុង

10 បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ស្ដាប់ ហើយ​យល់​ចុះ

11 មិនមែន​អ្វី​ដែល​ចូល​តាម​មាត់ ធ្វើឲ្យ​មនុស្ស​សៅហ្មង​នោះ​ឡើយ គឺ​អ្វី​ដែល​ចេញមក​ពី​មាត់​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង”។

12 ពេលនោះ ពួក​សិស្ស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ជ្រាប​ឬទេ​ថា ពួកផារិស៊ី​ទាស់ចិត្ត ពេល​ឮ​ព្រះបន្ទូល​នេះ​?”។

13 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“អស់ទាំង​រុក្ខជាតិ​ដែល​ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​មិន​បាន​ដាំ នឹង​ត្រូវបាន​ដកចោល​។

14 បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ”។

15 ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “សូម​ពន្យល់​ពាក្យឧបមា​នេះ​ដល់​យើងខ្ញុំ​ផង”។

16 ព្រះយេស៊ូវ​មានបន្ទូលថា​៖“តើ​អ្នករាល់គ្នា​ក៏​នៅតែ​ខ្វះសមត្ថភាពយល់ដឹង​ដែរ​ឬ​?

17 តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​ដែល​ចូល​តាម​មាត់ គឺ​ចូល​ក្នុង​ពោះ ហើយ​ចេញ​ទៅក្នុង​បង្គន់?

18 ផ្ទុយទៅវិញ អ្វីៗ​ដែល​ចេញមក​ពី​មាត់ គឺ​ចេញមក​ពី​ចិត្ត​ទេ អ្វីៗទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។

19 ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។

20 ការ​ទាំងនេះ​ហើយ ជា​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង រីឯ​ការ​ហូប​ដោយ​ដៃ​មិនបានលាង មិន​ធ្វើឲ្យ​មនុស្ស​សៅហ្មង​ឡើយ”។


ជំនឿរបស់ស្ត្រីសាសន៍ដទៃ

21 ព្រះយេស៊ូវ​យាង​ចាកចេញ​ពីទីនោះ ហើយ​ចេញទៅ​តំបន់​ទីរ៉ុស និង​ស៊ីដូន​។

22 ពេល​នោះ មើល៍! មាន​ស្ត្រី​ជនជាតិកាណាន​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញមក ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ​! បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ខ្ញុំម្ចាស់​ផង​! កូនស្រី​របស់ខ្ញុំម្ចាស់​មាន​អារក្សធ្វើទុក្ខ​យ៉ាងវេទនា​ណាស់”។

23 ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង”។

24 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​ចៀម​វង្វេង​នៃ​ពូជពង្ស​អ៊ីស្រាអែល​តែប៉ុណ្ណោះ”។

25 ស្ត្រីនោះ​ក៏​ចូលមក​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “ព្រះអម្ចាស់​អើយ​! សូម​ជួយ​ខ្ញុំម្ចាស់​ផង​!”។

26 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ការ​ដែល​យក​នំប៉័ង​របស់​កូន​ៗ​បោះទៅ​ឲ្យ​កូនឆ្កែ មិន​ត្រូវ​ទេ”។

27 នាង​ទូលថា​៖ “ច៎ា ព្រះអម្ចាស់​អើយ​! ប៉ុន្តែ​សូម្បីតែ​កូនឆ្កែ​ក៏​ស៊ី​កម្ទេចអាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា​ដែរ”។

28 ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖“ឱ ស្ត្រី​អើយ! ជំនឿ​របស់នាង​ខ្លាំង​ណាស់​! ចូរឲ្យ​បាន​សម្រេច​តាមដែល​នាង​ប្រាថ្នា​ចុះ”។ កូនស្រី​របស់​នាង​ក៏​ត្រូវបាន​ប្រោសឲ្យជា​នៅ​វេលា​នោះឯង​។


ការប្រោសឲ្យជានៅមាត់បឹងកាលីឡេ

29 ព្រះយេស៊ូវ​យាង​ចាកចេញ​ពីទីនោះ​ទៅ​មាត់បឹង​កាលីឡេ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ គង់ចុះ​នៅ​ទីនោះ​។

30 មាន​ហ្វូងមនុស្ស​ជាច្រើន​ចូលមកជិត​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ភ្នែក មនុស្ស​ពិការដៃជើង មនុស្ស​គ និង​មនុស្ស​ផ្សេងទៀត​ជាច្រើន​មក​ជាមួយ​ពួកគេ​ដែរ ហើយ​ដាក់​អ្នកទាំងនោះ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។

31 ដូច្នេះ នៅពេល​ឃើញ​មនុស្ស​គ​និយាយ មនុស្ស​ពិការដៃជើង​ជា មនុស្ស​ខ្វិន​ដើរ និង​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ ហ្វូងមនុស្ស​ក៏​ស្ងើច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​នៃ​អ៊ីស្រាអែល​។


ប្រទាននំប៉័ងឲ្យបួនពាន់នាក់

32 ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូលថា​៖“ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​ទៅវិញ​ទាំង​ឃ្លាន​ទេ ក្រែងលោ​ពួកគេ​សន្លប់​តាមផ្លូវ”។

33 ពួក​សិស្ស​ទូលថា​៖ “នៅ​ទីរហោស្ថាន​នេះ តើឲ្យ​យើងខ្ញុំ​យក​នំប៉័ង​ដ៏ច្រើនម្ល៉េះ​មក​ពីណា ដើម្បី​ចម្អែត​មនុស្សជាច្រើន​សន្ធឹក​ដូច្នេះ​?”។

34 ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “មាន​ប្រាំពីរ និង​មាន​ត្រីតូចៗ​ខ្លះ​ដែរ”។

35 ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី​។

36 នៅពេល​យក​នំប៉័ង​ប្រាំពីរ និង​ត្រី​ទាំងនោះ ព្រះអង្គ​ក៏​អរព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។

37 ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ប្រាំពីរ​កញ្ឆេ​ពេញ​។

38 អ្នក​ដែល​ហូប​នោះ មាន​មនុស្សប្រុស​បួនពាន់​នាក់ ដោយមិនរាប់​មនុស្សស្រី និង​កូនក្មេង​ទេ​។

39 ក្រោយពី​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ ព្រះយេស៊ូវ​ក៏​ជិះ​ទូក ហើយ​ទៅ​ដល់​តំបន់​ម៉ាកាដាន់​​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម