ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 11 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 11

ស្ដីអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក

1 កាលមួយមានកើតឡើងដូច្នេះ​: បន្ទាប់ពី​ព្រះយេស៊ូវ​បាន​បង្គាប់​សិស្ស​ទាំង​ដប់ពីរ​នាក់​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពីទីនោះ ដើម្បី​បង្រៀន និង​ប្រកាស​នៅក្នុង​ទីក្រុង​នានា​របស់​គេ​។

2 រីឯ​យ៉ូហាន​វិញ ពេល​នៅក្នុង​គុក គាត់​បាន​ឮ​អំពី​កិច្ចការ​ទាំងប៉ុន្មាន​របស់​ព្រះ​គ្រីស្ទ គាត់​ក៏​ចាត់​ពួក​សិស្ស​របស់​គាត់​ឲ្យទៅ

3 ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នក​ផ្សេងទៀត​?”។

4 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ចូរ​ទៅ​ប្រាប់​យ៉ូហាន​អំពី​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឮ និង​បាន​ឃើញ

5 គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។

6 មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួលដោយសារតែ​ខ្ញុំ”។

7 នៅពេល​ពួកសិស្សរបស់យ៉ូហាន​ចេញទៅ​ហើយ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖“តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន​? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​?

8 បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ទន់​ៗ គេ​នៅ​ក្នុង​ដំណាក់​ស្ដេច​ទេ​។

9 ដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​ព្យាការី​ឬ​? មែនហើយ! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​ប្រសើរជាង​ព្យាការី​ទៅទៀត​។

10 គឺ​អ្នកនេះ​ហើយ ដែល​មាន​សរសេរ​ទុកមក​អំពី​គាត់​ថា​: ‘មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក​នៅមុខ​អ្នក’​។

11 “ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក មិនដែលមាន​អ្នកណា​ធំជាង​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រស្ថានសួគ៌ ក៏​ធំជាង​យ៉ូហាន​ទៅទៀត​។

12 តាំងពី​គ្រា​របស់​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់​ពេលនេះ អាណាចក្រស្ថានសួគ៌​ត្រូវគេខំប្រឹងដណ្ដើមយក ហើយ​មនុស្សដែលខំប្រឹង កំពុង​ដណ្ដើមយក​អាណាចក្រនោះ​។

13 ដ្បិត​អស់ទាំង​គម្ពីរ​ព្យាការី និង​ក្រឹត្យវិន័យ​បាន​ព្យាករ​រហូតមកដល់​យ៉ូហាន​។

14 ប្រសិនបើ​អ្នករាល់គ្នា​ព្រម​ទទួល​សេចក្ដីនេះ គឺ​យ៉ូហាន​ហ្នឹងហើយ ជា​អេលីយ៉ា​ដែល​រៀបនឹង​មក​។

15 អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ​!

ជំនាន់មិនអើពើ

16 “តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​ជំនាន់​នេះ​ទៅនឹង​អ្វី​? គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកទៅ​ក្មេង​ឯទៀត​ៗ

17 ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំគក់ទ្រូង​ដែរ’។

18 ដ្បិត​យ៉ូហាន​បាន​មក ទាំង​មិន​ហូប​មិន​ផឹក គេ​ក៏​ថា​: ‘គាត់​មានអារក្សចូល​!’

19 រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើរបស់​វា”។

20 បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ស្ដីបន្ទោស​ទីក្រុង​នានា​ដែល​ការអស្ចារ្យ​របស់​ព្រះអង្គ​ភាគច្រើន​ត្រូវបាន​ធ្វើ​នៅ​ទីនោះ ពីព្រោះ​ពួកគេ​មិន​បាន​កែប្រែចិត្ត​។

21 “វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។

22 ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ទីរ៉ុស និង​ស៊ីដូន​នឹង​ងាយទ្រាំ​ជាង​អ្នករាល់គ្នា​!

23 រីឯ​អ្នក​វិញ កាពើណិម​អើយ តើ​អ្នក​នឹង​ត្រូវបាន​លើកឡើង​ទៅ​ស្ថានសួគ៌​ឬ​? ទេ‍! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ​។ ដ្បិត​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅក្នុង​អ្នក បាន​ធ្វើ​នៅ​សូដុម​វិញ ម្ល៉េះសម​ទី​ក្រុងនោះ​បាន​នៅគង់វង្ស​រហូតមកដល់​សព្វថ្ងៃ​ហើយ​។

24 ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដែនដី​សូដុម​នឹង​ងាយទ្រាំ​ជាង​អ្នក​ទៅទៀត​!”។

ព្រះអម្ចាស់ប្រទានការសម្រាក

25 ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​ថា៖“ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង​ព្រះអង្គ​ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។

26 មែនហើយ ព្រះ​បិតា​អើយ‍! ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​យ៉ាងដូច្នេះ​។

27 ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។

28 “អស់អ្នក​ដែល​នឿយហត់ និង​មានបន្ទុកធ្ងន់​អើយ ចូរ​មក​រក​ខ្ញុំ​! ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​បាន​សម្រាក​។

29 ចូរ​លី​នឹម​របស់ខ្ញុំ ហើយ​រៀន​ពី​ខ្ញុំ​ចុះ ពីព្រោះ​ខ្ញុំ​មាន​ចិត្ត​ស្លូត និង​រាបទាប​។ នោះ​អ្នករាល់គ្នា​នឹង​រកបាន​សេចក្ដីសម្រាក​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា​។

30 ជាការពិត នឹម​របស់ខ្ញុំ​ស្រួល ហើយ​បន្ទុក​របស់ខ្ញុំ​ក៏​ស្រាលដែរ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative