ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាកុស 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាកុស 2

ប្រោសមនុស្សស្លាប់មួយចំហៀងខ្លួនឲ្យជា

1 ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​យាង​ចូល​ទៅ​កាពើណិម​ម្ដងទៀត​។ គេ​ឮ​ថា​ព្រះអង្គ​គង់នៅ​ក្នុង​ផ្ទះ

2 ក៏​មាន​មនុស្ស​ជាច្រើន​ផ្ដុំគ្នា រហូតដល់​គ្មាន​កន្លែង​ទៀតឡើយ សូម្បីតែ​នៅ​មាត់ទ្វារ​។ រីឯ​ព្រះអង្គ​កំពុង​ថ្លែង​ព្រះបន្ទូល​ដល់​ពួកគេ​។

3 ពេលនោះ មាន​គេ​នាំ​មនុស្សស្លាប់មួយចំហៀងខ្លួន​ម្នាក់​មករក​ព្រះអង្គ គឺ​គាត់​ត្រូវ​មនុស្ស​បួន​នាក់​សែងមក​។

4 ប៉ុន្តែ​ពួកគេ​មិនអាច​នាំ​គាត់​ទៅ​ឯ​ព្រះអង្គ​បានទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​រើ​ដំបូល​ត្រង់​កន្លែងដែល​ព្រះអង្គ​គង់នៅ ពេល​រើ​ហើយ ពួកគេ​ក៏​សម្រូត​កន្ទេល​ដែល​មាន​មនុស្សស្លាប់មួយចំហៀងខ្លួន​កំពុង​ដេក​នោះ​ចុះ​។

5 ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​នោះ​ថា​៖“កូន​អើយ បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ហើយ”។

6 ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួក​គ្រូវិន័យ​ដែល​កំពុង​អង្គុយ​នៅ​ទីនោះ រិះគិត​ក្នុង​ចិត្ត​ថា​៖

7 “ហេតុអ្វីបានជា​អ្នកនេះ​និយាយ​ដូច្នេះ​? គាត់​និយាយប្រមាថព្រះ​ហើយ​! ក្រៅពី​ព្រះ​មួយអង្គ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?”។

8 ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ភ្លាម​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ​ថា ពួកគេ​រិះគិត​យ៉ាងនេះ​ក្នុងចិត្ត ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​រឿងទាំងនេះ​ក្នុង​ចិត្ត​?

9 ការ​ដែល​និយាយ​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា​: ‘បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស’ ឬ​ថា​: ‘ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក​ដើរ​ទៅចុះ’ តើ​មួយណា​ងាយ​ថា​ជាង​?

10 យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...” ព្រះអង្គ​ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា​៖

11 “ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!”។

12 បុរសនោះ​ក៏​ក្រោកឡើង យក​កន្ទេល​ចេញទៅ​ភ្លាម​នៅមុខ​មនុស្ស​ទាំងអស់​។ ដូច្នេះ ទាំងអស់គ្នា​ក៏​ភ្ញាក់ផ្អើល ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​ពោល​ថា​៖ “យើង​មិនដែល​ឃើញ​ការ​បែបនេះ​សោះ”។

ការត្រាស់ហៅម៉ាថាយ

13 បន្ទាប់មក ព្រះយេស៊ូវ​យាង​ចេញទៅ​មាត់បឹង​ម្ដងទៀត​។ ហ្វូងមនុស្ស​ទាំងមូល​មករក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​។

14 នៅពេល​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​លេវី​កូន​របស់​អាល់ផាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។

ហូបជាមួយពួកមនុស្សបាប

15 ពេល​ព្រះយេស៊ូវ​គង់​នៅ​ផ្ទះ​របស់​លេវី មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជាច្រើន​មកតាម​ព្រះអង្គ​។

16 ពួកគ្រូវិន័យរបស់ផារិស៊ី​ឃើញ​ថា​ព្រះអង្គ​សោយ​ជាមួយ​មនុស្សបាប និង​អ្នកទារពន្ធ ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គាត់​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។

17 ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាបវិញ”។

សំណួរអំពីការតមអាហារ

18 ពួក​សិស្ស​របស់​យ៉ូហាន និង​ពួកផារិស៊ី​កំពុង​តមអាហារ​។ ដូច្នេះ មាន​គេ​មក​ទូល​សួរ​ព្រះអង្គ​ថា​៖ “ហេតុអ្វីបានជា​សិស្ស​របស់​យ៉ូហាន និង​សិស្ស​របស់​ពួកផារិស៊ី​តមអាហារ ប៉ុន្តែ​សិស្ស​របស់លោក​មិន​តមអាហារ​?”។

19 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅពេល​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ ភ្ញៀវមិន​អាច​តមអាហារ​បាន​ទេ មែនទេ​? ដរាបណា​មាន​កូនកំលោះ​នៅ​ជាមួយ ពួកគេ​មិនអាច​តមអាហារ​បានឡើយ

20 ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​ថ្ងៃ​នោះ​ទើប​ពួកគេ​តមអាហារ​។

21 គ្មានអ្នកណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើធ្វើដូច្នោះ បំណះ​ថ្មី​នឹង​ទាញ​ចេញពី​សម្លៀកបំពាក់​ចាស់ បណ្ដាលឲ្យ​កន្លែងរហែក​កាន់តែធំ​;

22 ហើយក៏​គ្មានអ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរនឹង​ទម្លាយ​ថង់ស្បែក នោះ​ទាំង​ស្រាទំពាំងបាយជូរ ទាំង​ថង់ស្បែក​នឹង​ខូច។ ផ្ទុយទៅវិញ ត្រូវតែ​ចាក់ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី”។

ព្រះអម្ចាស់លើថ្ងៃសប្ប័ទ

23 នៅ​ថ្ងៃសប្ប័ទ​មួយ ព្រះយេស៊ូវ​យាង​កាត់​វាលស្រែ ពួក​សិស្ស​របស់​ព្រះអង្គ​ចាប់ផ្ដើម​កាច់​កួរស្រូវ នៅពេល​ដើរតាមផ្លូវ​។

24 ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា​៖ “មើល៍! ម្ដេចក៏​ពួកគេ​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យធ្វើ​នៅ​ថ្ងៃសប្ប័ទ​?”។

25 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​អ្វីដែល​ដាវីឌ​បាន​ធ្វើ នៅពេល​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ខ្វះខាត ហើយ​ឃ្លាន​ទេ​ឬ​?

26 គឺ​របៀប​ដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ នៅសម័យ​មហាបូជាចារ្យ​អ័បៀថើរ ហើយ​ហូប​នំប៉័ងតាំងថ្វាយ ព្រមទាំង​ចែកឲ្យ​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ផង ជា​នំប៉័ង​ដែល​ច្បាប់ហាមមិន​ឲ្យ​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ”។

27 រួច​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ថ្ងៃសប្ប័ទ​ត្រូវបាន​បង្កើតឡើង​សម្រាប់​មនុស្ស មិនមែន​មនុស្ស​សម្រាប់​ថ្ងៃសប្ប័ទ​ទេ​។

28 ដូច្នេះ កូនមនុស្ស​ជា​ព្រះអម្ចាស់ ហើយក៏​ជា​ព្រះអម្ចាស់​លើ​ថ្ងៃសប្ប័ទ​ដែរ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative