ម៉ាកុស 3 - ព្រះគម្ពីរខ្មែរសាកលប្រោសមនុស្សស្វិតដៃឲ្យជា 1 ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំម្ដងទៀត។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ 2 គេឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។ 3 ព្រះអង្គមានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖“ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។ 4 បន្ទាប់មក ព្រះអង្គទ្រង់សួរពួកគេថា៖“នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់: ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។ ប៉ុន្តែពួកគេនៅស្ងៀម។ 5 ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។ 6 ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាភ្លាមជាមួយពួកគណៈហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។ ហ្វូងមនុស្សមកតាមព្រះយេស៊ូវ 7 ព្រះយេស៊ូវយាងចាកចេញទៅបឹងជាមួយពួកសិស្សរបស់ព្រះអង្គ ហើយមានហ្វូងមនុស្សមួយក្រុមធំមកពីកាលីឡេទៅតាមព្រះអង្គ ព្រមទាំងមកពីយូឌា 8 យេរូសាឡិម អេដុមា ខាងនាយទន្លេយ័រដាន់ ហើយពីជុំវិញទីរ៉ុស និងស៊ីដូនដែរ។ ហ្វូងមនុស្សដ៏ធំមករកព្រះអង្គ ដោយឮពីអ្វីៗដែលព្រះអង្គទ្រង់ធ្វើ។ 9 ព្រះអង្គមានបន្ទូលនឹងពួកសិស្សឲ្យត្រៀមទូកតូចមួយសម្រាប់ព្រះអង្គ ដោយសារតែហ្វូងមនុស្ស ក្រែងលោពួកគេសង្កត់ព្រះអង្គ។ 10 ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។ 11 កាលណាពួកវិញ្ញាណអសោចឃើញព្រះអង្គ ពួកវាក៏ក្រាបចុះនៅមុខព្រះអង្គ ហើយស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ 12 ប៉ុន្តែព្រះអង្គទ្រង់ហាមពួកវាយ៉ាងតឹងរ៉ឹង មិនឲ្យពួកវាធ្វើឲ្យគេស្គាល់ព្រះអង្គឡើយ។ ជ្រើសរើសសាវ័កដប់ពីរនាក់ 13 បន្ទាប់មក ព្រះយេស៊ូវយាងឡើងទៅលើភ្នំ ហើយហៅអ្នកដែលព្រះអង្គសព្វព្រះទ័យមក ពួកគេក៏មកឯព្រះអង្គ 14 រួចព្រះអង្គតែងតាំងដប់ពីរនាក់ដែលព្រះអង្គហៅថាសាវ័ក ដើម្បីឲ្យពួកគេនៅជាមួយព្រះអង្គ និងដើម្បីចាត់ពួកគេឲ្យទៅប្រកាសដំណឹងល្អ 15 ព្រមទាំងឲ្យមានសិទ្ធិអំណាចដេញអារក្សផង។ 16 ដូច្នេះ ព្រះអង្គបានតែងតាំងដប់ពីរនាក់: ស៊ីម៉ូន——ព្រះអង្គដាក់ឈ្មោះថា ពេត្រុស; 17 យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប ——ព្រះអង្គដាក់ឈ្មោះពួកគេថា “បោនអ៊ើកេ” ដែលមានអត្ថន័យប្រែថា “កូនផ្គរលាន់”; 18 អនទ្រេ; ភីលីព និងបារថូឡូមេ; ម៉ាថាយ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ; ស៊ីម៉ូនអ្នកជាតិនិយម 19 និងយូដាសអ៊ីស្ការីយ៉ុតដែលក្បត់ព្រះអង្គ។ ការបាក់បែកផ្ទៃក្នុង 20 ព្រះយេស៊ូវយាងចូលក្នុងផ្ទះ ហ្វូងមនុស្សក៏មកផ្ដុំគ្នាម្ដងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបអាហារបាន។ 21 នៅពេលសាច់ញាតិរបស់ព្រះអង្គបានឮ ពួកគេក៏ចេញមកចាប់ព្រះអង្គ ពីព្រោះគេថា៖ “គាត់វិកលចរិតហើយ”។ 22 ពួកគ្រូវិន័យដែលចុះមកពីយេរូសាឡិមនិយាយថា៖ “គាត់មានបេលសេប៊ូលចូល គាត់ដេញអារក្សដោយមេអារក្សទេ”។ 23 ព្រះយេស៊ូវទ្រង់ហៅពួកគេមក ហើយមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“តើសាតាំងអាចដេញសាតាំងយ៉ាងដូចម្ដេចបាន? 24 ប្រសិនបើអាណាចក្រមួយបាក់បែកផ្ទៃក្នុង អាណាចក្រនោះមិនអាចនៅឈរបានឡើយ 25 ហើយប្រសិនបើគ្រួសារមួយបាក់បែកផ្ទៃក្នុង គ្រួសារនោះក៏មិនអាចនៅឈរបានដែរ។ 26 ប្រសិនបើសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនវា ហើយបាក់បែកគ្នា វាមិនអាចនៅឈរបានទេ គឺចប់ហើយ។ 27 “គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់របស់របរគាត់បានឡើយ លុះត្រាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបប្លន់ផ្ទះរបស់គាត់បាន។ 28 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាតិនឹងត្រូវបានលើកលែងទោស ចំពោះបាបទាំងអស់ និងពាក្យប្រមាថអ្វីក៏ដោយដែលគេនិយាយប្រមាថព្រះ 29 ប៉ុន្តែអ្នកណាក៏ដោយដែលនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ គ្មានការលើកលែងទោសជារៀងរហូត គឺមានទោសអំពីបាបអស់កល្បជានិច្ចវិញ”។ 30 ព្រះយេស៊ូវមានបន្ទូលដូច្នេះ ពីព្រោះគេនិយាយថា៖ “គាត់មានវិញ្ញាណអសោចចូល”។ សាច់ញាតិដ៏ពិត 31 បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។ 32 ហ្វូងមនុស្សដែលអង្គុយនៅជុំវិញព្រះអង្គ ក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនប្រុសប្អូនស្រីរបស់លោកមករកលោកនៅខាងក្រៅ”។ 33 ព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖“តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?”។ 34 ព្រះអង្គទតមើលអ្នកដែលកំពុងអង្គុយនៅជុំវិញព្រះអង្គ ហើយមានបន្ទូលថា៖“មើល៍! ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ! 35 ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕ |