ព្រះយេស៊ូវយាងចូលយេរូសាឡិម1 នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺដល់បេតផាសេ និងបេថានី ត្រង់ភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់របស់ព្រះអង្គឲ្យទៅ 2 ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ។ នៅពេលចូលក្នុងភូមិនោះភ្លាម ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។ 3 ប្រសិនបើមានអ្នកណាសួរពួកអ្នកថាម្ដេចក៏ធ្វើដូច្នេះ ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការវាហើយព្រះអង្គនឹងឲ្យវាមកទីនេះវិញភ្លាម’”។ 4 សិស្សពីរនាក់ចេញទៅ ហើយឃើញកូនលាមួយដែលគេចងទុកនឹងទ្វារខាងក្រៅនៅក្បែរផ្លូវ ពួកគេក៏ស្រាយវា។ 5 អ្នកខ្លះដែលឈរនៅទីនោះ សួរពួកគេថា៖ “ពួកអ្នកស្រាយកូនលានេះធ្វើអី?”។ 6 ពួកគេឆ្លើយនឹងអ្នកទាំងនោះដូចដែលព្រះយេស៊ូវបានបង្គាប់ ដូច្នេះគេក៏ព្រម។ 7 ពួកគេដឹកកូនលានោះមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើវា ព្រះអង្គក៏គង់លើកូនលានោះ។ 8 មនុស្សជាច្រើនបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកឈើពីស្រែចម្ការមកក្រាលនៅតាមផ្លូវ។ 9 ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! 10 សូមឲ្យមានព្រះពរដល់អាណាចក្រដែលនឹងមកដល់ គឺអាណាចក្ររបស់ដាវីឌដូនតារបស់យើង! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។ 11 ព្រះយេស៊ូវយាងទៅដល់យេរូសាឡិម ហើយចូលក្នុងព្រះវិហារ។ នៅពេលទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញទៅបេថានីជាមួយសាវ័កទាំងដប់ពីរនាក់ ដ្បិតជ្រុលម៉ោងហើយ។ ដើមល្វាត្រូវបណ្ដាសា12 នៅថ្ងៃបន្ទាប់ ពេលពួកគេចេញពីបេថានី ព្រះយេស៊ូវទ្រង់ឃ្លាន។ 13 ព្រះអង្គទតពីចម្ងាយឃើញដើមល្វាមួយដើមមានសុទ្ធតែស្លឹក ក៏យាងទៅ ក្រែងលោឃើញផ្លែខ្លះនៅលើដើមនោះ។ នៅពេលយាងទៅដល់ ក្រៅពីស្លឹកព្រះអង្គមិនឃើញអ្វីសោះ ពីព្រោះមិនមែនជារដូវផ្លែល្វាទេ។ 14 ព្រះអង្គមានបន្ទូលនឹងដើមល្វានោះថា៖“កុំឲ្យមានអ្នកណាបានហូបផ្លែរបស់ឯងទៀតឡើយ គឺជារៀងរហូត!”។ ពួកសិស្សរបស់ព្រះអង្គក៏ឮដែរ។ ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ15 ពួកគេមកដល់យេរូសាឡិម។ នៅពេលយាងចូលទៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ចាប់ផ្ដើមដេញពួកអ្នកលក់ និងពួកអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប 16 ហើយព្រះអង្គមិនព្រមឲ្យអ្នកណាយករបស់របរឆ្លងកាត់ព្រះវិហារឡើយ។ 17 ព្រះអង្គមានបន្ទូលបង្រៀនពួកគេថា៖“តើមិនមានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់’ទេឬ? ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។ 18 ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឮដូច្នេះ ក៏រកមធ្យោបាយបំផ្លាញជីវិតព្រះអង្គ។ តាមពិត ពួកគេខ្លាចព្រះអង្គ ពីព្រោះប្រជាជនទាំងអស់បានស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។ 19 លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។ ដើមល្វាក្រៀមស្វិត20 ព្រលឹមឡើង នៅពេលកំពុងដើរតាមផ្លូវ ពួកគេឃើញដើមល្វានោះក្រៀមស្វិតតាំងពីឫស។ 21 ពេត្រុសក៏នឹកឃើញ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្ដាសានោះ បានក្រៀមស្វិតទៅហើយ”។ 22 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរមានជំនឿលើព្រះចុះ។ 23 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលនិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ ហើយអ្នកនោះមិនសង្ស័យក្នុងចិត្ត គឺជឿថាអ្វីដែលគាត់និយាយនឹងសម្រេច នោះនឹងសម្រេចដល់គាត់។ 24 ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយនោះនឹងបានសម្រេចដល់អ្នករាល់គ្នា។ 25 ម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានរឿងអ្វីទាស់នឹងអ្នកណា ចូរលើកលែងទោសឲ្យអ្នកនោះទៅ ដើម្បីឲ្យព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសឲ្យអ្នករាល់គ្នាចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។ 26 ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យទេ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ក៏មិនលើកលែងទោសចំពោះការបំពានរបស់អ្នករាល់គ្នាដែរ”។ ជំទាស់នឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូវ27 ពួកគេមកដល់យេរូសាឡិមម្ដងទៀត។ នៅពេលព្រះអង្គកំពុងយាងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំបានមករកព្រះអង្គ 28 ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នកឲ្យធ្វើការទាំងនេះ?”។ 29 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរ ចូរឆ្លើយនឹងខ្ញុំមក នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។ 30 តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស? ចូរឆ្លើយមក!”។ 31 ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’ 32 ប៉ុន្តែឲ្យយើងថា: ‘មកពីមនុស្ស’ ឬ?”។ ពួកគេខ្លាចហ្វូងមនុស្ស ពីព្រោះមនុស្សទាំងអស់ចាត់ទុកយ៉ូហានថា គាត់ពិតជាព្យាការីមែន។ 33 ដូច្នេះ ពួកគេឆ្លើយនឹងព្រះយេស៊ូវថា៖ “ពួកយើងមិនដឹងទេ”។ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”៕ |