ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 94 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 94

ចៅក្រមដ៏សុចរិតយុត្តិធម៌

1 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ការសងសឹក​អើយ​! ព្រះ​នៃ​ការសងសឹក​អើយ សូម​បញ្ចេញពន្លឺ​មក​!

2 ចៅក្រម​នៃ​ផែនដី​អើយ សូម​ក្រោកឡើង សូម​តបសង​ដល់​មនុស្ស​ក្រអឺតក្រទម​នូវ​អ្វីដែលគេសមតែទទួល​!

3 ព្រះយេហូវ៉ា​អើយ តើ​មនុស្ស​អាក្រក់ តើ​មនុស្ស​អាក្រក់​នឹង​លោតកញ្ឆេង​ដល់ពេលណា​? តើ​ដល់ពេលណា​?

4 ពួកគេ​បង្ហូរចេញ​នូវ​ពាក្យព្រហើន​; អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​និយាយអួត​ខ្លួន​។

5 ព្រះយេហូវ៉ា​អើយ ពួកគេ​ជាន់ឈ្លី​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ធ្វើទុក្ខ​មរតក​របស់ព្រះអង្គ​។

6 ពួកគេ​សម្លាប់​ស្ត្រីមេម៉ាយ និង​ជនអន្តោប្រវេសន៍ ក៏​សម្លាប់រង្គាល​កូនកំព្រា​ផង​!

7 ពួកគេ​និយាយថា​៖ “ព្រះយេហូវ៉ា​មើល​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប​មិន​ចាប់អារម្មណ៍​ឡើយ”។

8 មនុស្ស​ខ្លៅ​ក្នុងចំណោម​ប្រជារាស្ត្រ​អើយ ចូរ​យល់ច្បាស់​! មនុស្សល្ងង់​អើយ តើ​ពេលណា​អ្នក​នឹង​មានប្រាជ្ញា​?

9 តើ​ព្រះអង្គដែល​ដាំ​ត្រចៀក ស្ដាប់មិនឮទេ​ឬ​? តើ​ព្រះអង្គដែល​សូន​ភ្នែក មើលមិនឃើញទេ​ឬ​?

10 ព្រះអង្គដែល​វាយប្រដៅ​ប្រជាជាតិ​នានា គឺ​ព្រះអង្គដែល​បង្រៀន​ចំណេះដឹង​ដល់​មនុស្ស តើ​ព្រះអង្គ​មិន​ស្ដីបន្ទោស​ទេ​ឬ​?

11 ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​គំនិត​របស់​មនុស្ស ថា​វា​ជា​ការឥតន័យ​។

12 ព្រះយេហូវ៉ា​អើយ មានពរ​ហើយ មនុស្ស​ដែល​ព្រះអង្គ​ប្រៀនប្រដៅ និង​បង្រៀន​តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ

13 ដើម្បីឲ្យ​គេ​បាន​សម្រាក​នៅ​ថ្ងៃ​នៃ​មហន្តរាយ រហូតទាល់តែ​រណ្ដៅ​ត្រូវបាន​ជីក​សម្រាប់​មនុស្ស​អាក្រក់​។

14 ដ្បិត​ព្រះយេហូវ៉ា​មិន​ចាកចោល​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​មិន​បោះបង់ចោល​មរតក​របស់ព្រះអង្គ​ឡើយ​;

15 ជាការពិត ការកាត់ក្ដី​នឹង​ត្រឡប់​ទៅជា​យុត្តិធម៌​វិញ ហើយ​អស់អ្នក​ដែល​មាន​ចិត្ត​ទៀងត្រង់​នឹង​ដើរតាម​សេចក្ដីយុត្តិធម៌​។

16 តើ​នរណា​ក្រោកឡើង​សម្រាប់​ខ្ញុំ ទាស់នឹង​អ្នកដែល​ធ្វើអាក្រក់​? តើ​នរណា​ឈរឡើង​សម្រាប់​ខ្ញុំ ទាស់នឹង​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​?

17 ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​ជួយ​ខ្ញុំ​ទេ ម្ល៉េះសម​ព្រលឹង​របស់ខ្ញុំ​បាន​ទៅ​រស់នៅ​ស្ថានស្ងាត់ឈឹង​តាំងពីយូរមកហើយ​។

18 ប្រសិនបើ​ទូលបង្គំ​ពោលថា​៖ “ជើង​របស់ខ្ញុំ​រអិល​ហើយ” នោះ​ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នឹង​ទ្រទ្រង់​ទូលបង្គំ​!

19 កាលណា​កង្វល់​របស់ទូលបង្គំ​មាន​ច្រើន​ក្នុងចិត្ត​ទូលបង្គំ សេចក្ដីកម្សាន្តចិត្ត​របស់ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រលឹង​របស់ទូលបង្គំ​អរសប្បាយ​។

20 តើ​បល្ល័ង្ក​នៃ​សេចក្ដីអន្តរាយ​ដែល​ប្រឌិត​រឿងអយុត្តិធម៌​ឡើង​ដោយ​អាង​ច្បាប់ អាច​ចងសម្ពន្ធមិត្ត​ជាមួយ​ព្រះអង្គ​បាន​ឬ​?

21 ពួកគេ​ប្រមូលគ្នា​ទាស់នឹង​ព្រលឹង​របស់​មនុស្ស​សុចរិត ហើយ​ផ្ដន្ទាទោស​ឈាម​ឥតទោស​។

22 យ៉ាងណាមិញ ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​របស់​ខ្ញុំ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​នៃ​ជម្រក​របស់ខ្ញុំ​។

23 ព្រះអង្គ​នឹង​តបសង​ដល់​ពួកគេ​តាម​អំពើទុច្ចរិត​របស់ពួកគេ ហើយ​បំផ្លាញជីវិត​ពួកគេ ដោយសារតែ​ការអាក្រក់​របស់ពួកគេ​; ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង នឹង​បំផ្លាញជីវិត​ពួកគេ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative