សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីស្មោះត្រង់របស់ព្រះបទតម្កើងមួយ ជាចម្រៀងសម្រាប់ថ្ងៃសប្ប័ទ។ 1 ជាការល្អណាស់ដែលអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គដែលជាព្រះដ៏ខ្ពស់បំផុត 2 ដើម្បីប្រកាសសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ហើយប្រកាសសេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅពេលយប់ 3 ដោយពិណខ្សែដប់ ដោយពិណបុរាណ និងដោយសូរតន្ត្រីនៃពិណហាប! 4 ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យទូលបង្គំអរសប្បាយដោយកិច្ចការរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកហ៊ោសប្បាយចំពោះស្នាព្រះហស្តរបស់ព្រះអង្គ! 5 ព្រះយេហូវ៉ាអើយ កិច្ចការរបស់ព្រះអង្គធំអស្ចារ្យយ៉ាងណាហ្ន៎! គំនិតរបស់ព្រះអង្គជ្រៅក្រៃលែង! 6 មនុស្សខ្លៅមិនស្គាល់ឡើយ ហើយមនុស្សល្ងង់ក៏មិនយល់ច្បាស់នូវការនេះដែរ ថា: 7 ទោះបីជាមនុស្សអាក្រក់លូតលាស់ដូចស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចម្រើនឡើងក៏ដោយ ក៏វាបានដូច្នោះដើម្បីឲ្យពួកគេត្រូវបានបំផ្លាញទៅជារៀងរហូត។ 8 រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ជារៀងរហូត! 9 ព្រះយេហូវ៉ាអើយ មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គ! មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនឹងវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបានកម្ចាត់កម្ចាយ! 10 ប៉ុន្តែព្រះអង្គបានលើកស្នែងរបស់ទូលបង្គំឡើងដូចស្នែងគោព្រៃ; ទូលបង្គំត្រូវបានលាបដោយប្រេងថ្មី។ 11 ភ្នែករបស់ទូលបង្គំនឹងមើលចុះមកពួកសត្រូវរបស់ទូលបង្គំ ត្រចៀករបស់ទូលបង្គំនឹងឮអំពីមនុស្សធ្វើអាក្រក់ដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ។ 12 មនុស្សសុចរិតនឹងលូតលាស់ដូចដើមលម៉ើ ហើយចម្រើនឡើងដូចដើមស៊ីដានៅលីបង់។ 13 ពួកគេត្រូវបានដាំនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ពួកគេនឹងលូតលាស់នៅក្នុងទីធ្លារបស់ព្រះនៃយើង។ 14 ពួកគេនឹងនៅតែបង្កើតផ្លែក្នុងវ័យចាស់ជរា ពួកគេនឹងមានជាតិទឹកច្រើន ហើយខៀវខ្ចីជានិច្ច 15 ដើម្បីប្រកាសថាព្រះយេហូវ៉ាទៀងត្រង់; ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងព្រះអង្គឡើយ៕ |