ទូលសុំព្រះឲ្យកម្សាន្តចិត្តសេចក្ដីអធិស្ឋានរបស់ដាវីឌ។ 1 ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយឆ្លើយមកទូលបង្គំផង ដ្បិតទូលបង្គំទ័លក្រ និងខ្វះខាត! 2 សូមរក្សាព្រលឹងរបស់ទូលបង្គំផង ដ្បិតទូលបង្គំស្មោះត្រង់។ ព្រះអង្គជាព្រះនៃទូលបង្គំ; សូមព្រះអង្គសង្គ្រោះបាវបម្រើរបស់ព្រះអង្គដែលជឿទុកចិត្តលើព្រះអង្គផង។ 3 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំស្រែកហៅព្រះអង្គវាល់ព្រឹកវាល់ល្ងាច! 4 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់បាវបម្រើព្រះអង្គបានអរសប្បាយផង ដ្បិតទូលបង្គំលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គ! 5 ដ្បិតព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គទ្រង់ល្អ ហើយប្រុងនឹងលើកលែងទោស; ព្រះអង្គទ្រង់មានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់ដល់អស់អ្នកដែលស្រែកហៅព្រះអង្គ! 6 ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយប្រុងស្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង! 7 នៅថ្ងៃនៃទុក្ខវេទនារបស់ទូលបង្គំ ទូលបង្គំស្រែកហៅព្រះអង្គ ពីព្រោះព្រះអង្គឆ្លើយមកទូលបង្គំ។ 8 ព្រះអម្ចាស់នៃទូលបង្គំអើយ នៅក្នុងចំណោមព្រះនានា គ្មានព្រះណាដូចព្រះអង្គឡើយ ហើយក៏គ្មានកិច្ចការណាដូចកិច្ចការរបស់ព្រះអង្គដែរ! 9 ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។ 10 ដ្បិតព្រះអង្គទ្រង់ធំឧត្ដម ក៏ធ្វើកិច្ចការដ៏អស្ចារ្យដែរ; ព្រះអង្គតែមួយប៉ុណ្ណោះជាព្រះ! 11 ព្រះយេហូវ៉ាអើយ សូមបង្រៀនមាគ៌ារបស់ព្រះអង្គដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ! សូមសង្រួមចិត្តទូលបង្គំឲ្យកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ 12 ព្រះអម្ចាស់ដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត; ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត! 13 ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។ 14 ឱព្រះអើយ មនុស្សក្អេងក្អាងបានក្រោកឡើងប្រឆាំងនឹងទូលបង្គំ ហើយហ្វូងមនុស្សកាចសាហាវបានស្វែងរកព្រលឹងរបស់ទូលបង្គំ; ពួកគេមិនបានដាក់ព្រះអង្គនៅមុខពួកគេឡើយ! 15 ប៉ុន្តែព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏មានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដ៏លើសលប់! 16 សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង; សូមប្រទានភាពរឹងមាំរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសង្គ្រោះកូនរបស់ស្រីបម្រើព្រះអង្គផង។ 17 សូមសម្ដែងទីសម្គាល់នៃព្រះហឫទ័យសន្ដោសដល់ទូលបង្គំផង ដើម្បីឲ្យអ្នកដែលស្អប់ទូលបង្គំមើលឃើញ ហើយអាម៉ាស់មុខ; ដ្បិតគឺព្រះអង្គហើយ ព្រះយេហូវ៉ាអើយ ដែលបានជួយទូលបង្គំ និងបានកម្សាន្តចិត្តទូលបង្គំ៕ |