Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 85 - ព្រះគម្ពីរខ្មែរសាកល


ទូលសុំឲ្យមានសេចក្ដីសន្ដោសឡើងវិញ
បទតម្កើង​របស់​កូនចៅ​កូរ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ទឹកដី​របស់ព្រះអង្គ ព្រះអង្គ​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​យ៉ាកុប​ត្រឡប់មកវិញ​!

2 ព្រះអង្គ​បាន​លើកលែងទោស​អំពើទុច្ចរិត​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​បាន​គ្របបាំង​អស់ទាំង​បាប​របស់ពួកគេ​។ សេឡា

3 ព្រះអង្គ​បាន​ដក​អស់ទាំង​សេចក្ដីក្ដៅក្រហាយ​របស់ព្រះអង្គ​ថយមកវិញ ព្រះអង្គ​បាន​បែរចេញ​ពី​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។

4 ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូម​ទុកវិញ​នូវ​សេចក្ដីទើសចិត្ត​របស់ព្រះអង្គ​ចំពោះ​យើងខ្ញុំ​ផង​!

5 តើ​ព្រះអង្គ​ក្រេវក្រោធ​នឹង​យើងខ្ញុំ​ជារៀងរហូត​ឬ​? តើ​ព្រះអង្គ​នឹង​បន្លាយ​ព្រះពិរោធ​របស់ព្រះអង្គ​ដល់​គ្រប់ជំនាន់​ឬ​?

6 តើ​ព្រះអង្គ​នឹង​មិន​ធ្វើឲ្យ​យើងខ្ញុំ​មានជីវិតឡើងវិញ​ម្ដងទៀត ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​អរសប្បាយ​ក្នុង​ព្រះអង្គ​ទេ​ឬ​?

7 ព្រះយេហូវ៉ា​អើយ សូម​បង្ហាញ​ដល់​យើងខ្ញុំ​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ហើយ​ប្រទាន​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ដល់​យើងខ្ញុំ​ផង​!

8 សូមឲ្យ​ទូលបង្គំ​ឮ​អ្វីដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ផង ដ្បិត​ព្រះអង្គ​សន្យា​សេចក្ដីសុខសាន្ត​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ដល់​វិសុទ្ធជន​របស់ព្រះអង្គ គឺ​សូម​កុំឲ្យ​ពួកគេ​ត្រឡប់ទៅ​រក​ភាពលេលា​វិញ​ឡើយ​។

9 សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ពិតជា​នៅជិត​អ្នកដែល​កោតខ្លាច​ព្រះអង្គ ដើម្បីឲ្យ​សិរីរុងរឿង​ស្ថិតនៅ​ក្នុង​ស្រុក​របស់យើងខ្ញុំ​។

10 សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​បាន​ជួបគ្នា​; សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីសុខសាន្ត​បាន​ថើប​គ្នា​។

11 សេចក្ដីពិតត្រង់​នឹង​ដុះឡើង​ពី​ផែនដី ហើយ​សេចក្ដីសុចរិតយុត្តិធម៌​អើតមើល​ពី​លើមេឃ​។

12 ព្រះយេហូវ៉ា​ក៏​នឹង​ប្រទាន​សេចក្ដី​ល្អ ហើយ​ស្រុក​របស់យើង​នឹង​ផ្ដល់​ភោគផល​។

13 សេចក្ដីសុចរិតយុត្តិធម៌​នឹង​ដើរ​នៅមុខ​ព្រះអង្គ ហើយ​រៀបចំ​ផ្លូវ​សម្រាប់​ជំហាន​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម