ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 6 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 6

អធិស្ឋានសុំសេចក្ដីមេត្តា
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ តាម​ទំនុកភ្លេង​សេមីនីត ​។

1 ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ សូម​កុំ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!

2 ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ​ណាស់ហើយ​! ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រញាក់​!

3 ឥឡូវនេះ ព្រលឹង​របស់ទូលបង្គំ​តក់ស្លុត​យ៉ាងខ្លាំង​។ ចុះ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​?

4 ព្រះយេហូវ៉ា​អើយ សូម​បែរមកវិញ​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង

5 ដ្បិត​ក្នុង​មរណភាព គ្មាន​ការនឹកចាំ​អំពី​ព្រះអង្គ​ឡើយ នៅ​ស្ថានមនុស្សស្លាប់ តើ​នរណា​នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​?

6 ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។

7 ភ្នែក​របស់ទូលបង្គំ​ខ្សោយ​ដោយសារតែ​ទុក្ខព្រួយ ហើយ​ព្រឹល​ព្រោះតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​។

8 អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! ដ្បិត​ព្រះយេហូវ៉ា​បាន​សណ្ដាប់​សំឡេង​យំសោក​របស់ខ្ញុំ​ហើយ​។

9 ព្រះយេហូវ៉ា​បាន​សណ្ដាប់​ពាក្យទូលអង្វរ​របស់ខ្ញុំ​ហើយ ព្រះយេហូវ៉ា​នឹង​ទទួលយក​ពាក្យអធិស្ឋាន​របស់ខ្ញុំ​។

10 សត្រូវ​ទាំងអស់​របស់ខ្ញុំ​នឹង​អាម៉ាស់មុខ ហើយ​តក់ស្លុត​យ៉ាងខ្លាំង ពួកគេ​នឹង​ថយទៅវិញ ហើយ​អាម៉ាស់មុខ​ក្នុងមួយរំពេច​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative