Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 5 - ព្រះគម្ពីរខ្មែរសាកល


ខែលរបស់មនុស្សសុចរិត
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​ខ្លុយ​។

1 ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យ​របស់ទូលបង្គំ​ផង សូម​យកចិត្តទុកដាក់​នឹង​សំឡេងថ្ងូរ​របស់ទូលបង្គំ​ផង​!

2 ព្រះមហាក្សត្រ​នៃទូលបង្គំ ព្រះ​នៃទូលបង្គំ​អើយ សូម​ប្រុងស្ដាប់​សូរ​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​ទៅ​ព្រះអង្គ​!

3 ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។

4 ដ្បិត​ព្រះអង្គ​មិនមែន​ជា​ព្រះ​ដែល​សព្វព្រះហឫទ័យ​នឹង​សេចក្ដីអាក្រក់​ទេ សេចក្ដីទុច្ចរិត​ស្ថិតនៅជាមួយ​ព្រះអង្គ​មិនបានឡើយ​។

5 មនុស្ស​ព្រហើន​ឈរ​នៅចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​មិនបានឡើយ ព្រះអង្គ​ទ្រង់​ស្អប់​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។

6 ព្រះអង្គ​នឹង​បំផ្លាញ​អ្នកដែល​ពោល​ពាក្យភូតភរ ព្រះយេហូវ៉ា​ទ្រង់​ស្អប់ខ្ពើម​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត​។

7 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូលទៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ ដោយ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ការកោតខ្លាច​ព្រះអង្គ​។

8 ព្រះយេហូវ៉ា​អើយ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ​ផង សូម​តម្រង់​ផ្លូវ​របស់ព្រះអង្គ​នៅមុខ​ទូលបង្គំ​ផង​!

9 ដ្បិត​គ្មានអ្វី​គួរឲ្យទុកចិត្ត​នៅក្នុង​មាត់​ពួកនោះ​ឡើយ ខាងក្នុង​ពួកគេ​មានតែ​សេចក្ដីអន្តរាយ បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​បញ្ជោរ​ដោយ​អណ្ដាត​របស់ខ្លួន​។

10 ឱ​ព្រះ​អើយ សូម​ធ្វើឲ្យ​ពួកគេ​បាន​ទទួលទោស​ផង​! សូមឲ្យ​ពួកគេ​ដួល​ដោយ​ឧបាយកល​របស់ខ្លួន សូម​បណ្ដេញ​ពួកគេ​ចេញ​ដោយសារតែ​ការបំពាន​ដ៏ច្រើន​របស់ពួកគេ ដ្បិត​ពួកគេ​បាន​បះបោរ​នឹង​ព្រះអង្គ​។

11 រីឯ​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ សូមឲ្យ​ពួកគេ​បាន​អរសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​ជារៀងរហូត​។ សូមឲ្យ​ព្រះអង្គ​ឃុំគ្រង​ពួកគេ ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ អបអរ​ក្នុង​ព្រះអង្គ

12 ព្រះយេហូវ៉ា​អើយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទានពរ​មនុស្ស​សុចរិត ព្រះអង្គ​ហ៊ុមព័ទ្ធ​ពួកគេ​ដោយ​សេចក្ដីសន្ដោស​ដូចជា​ខែល​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម