សុំព្រះកុំឲ្យបោះបង់ចោលទំនុកម៉ាស្គីល របស់កូនចៅកូរ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ឱព្រះអើយ យើងខ្ញុំបានឮនឹងត្រចៀកយើងខ្ញុំ គឺដូនតារបស់យើងខ្ញុំបានប្រាប់យើងខ្ញុំ នូវកិច្ចការដែលព្រះអង្គបានធ្វើនៅសម័យរបស់ពួកគាត់ គឺនៅសម័យបុរាណ។ 2 ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញដោយព្រះហស្តរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គបានដាំដូនតារបស់យើងខ្ញុំវិញ; ព្រះអង្គបានធ្វើទុក្ខជាតិសាសន៍នានា ប៉ុន្តែព្រះអង្គបានធ្វើឲ្យដូនតារបស់យើងខ្ញុំចម្រើនឡើងវិញ។ 3 ជាការពិត ពួកគាត់ចាប់យកទឹកដី មិនមែនដោយដាវរបស់ខ្លួនទេ ហើយដើមដៃរបស់ពួកគាត់ក៏មិនបានសង្គ្រោះពួកគាត់ដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គវិញ ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យនឹងពួកគាត់។ 4 ឱព្រះអើយ ព្រះអង្គជាព្រះមហាក្សត្រនៃទូលបង្គំ សូមបង្គាប់សេចក្ដីសង្គ្រោះឲ្យមានដល់យ៉ាកុបផង! 5 តាមរយៈព្រះអង្គ យើងខ្ញុំច្រានផ្ដួលបច្ចាមិត្តរបស់យើងខ្ញុំ តាមរយៈព្រះនាមរបស់ព្រះអង្គ យើងខ្ញុំជាន់ឈ្លីពួកអ្នកតតាំងនឹងយើងខ្ញុំ; 6 ដ្បិតទូលបង្គំមិនទុកចិត្តលើធ្នូរបស់ទូលបង្គំឡើយ ហើយដាវរបស់ទូលបង្គំក៏សង្គ្រោះទូលបង្គំមិនបានដែរ។ 7 គឺព្រះអង្គវិញ ដែលបានសង្គ្រោះយើងខ្ញុំពីពួកបច្ចាមិត្តរបស់យើងខ្ញុំ ហើយធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំអាម៉ាស់មុខ។ 8 វាល់ព្រឹកវាល់ល្ងាច យើងខ្ញុំអួតក្នុងព្រះ ហើយយើងខ្ញុំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត។ សេឡា 9 ប៉ុន្តែឥឡូវនេះ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ហើយធ្វើឲ្យយើងខ្ញុំអាម៉ាស់ ក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។ 10 ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំថយទៅក្រោយវិញនៅចំពោះបច្ចាមិត្ត ហើយពួកអ្នកដែលស្អប់យើងខ្ញុំបានរឹបជាន់យកតាមអំពើចិត្ត។ 11 ព្រះអង្គទ្រង់ប្រគល់យើងខ្ញុំទៅ ដូចចៀមសម្រាប់ជាអាហារ ហើយកម្ចាត់កម្ចាយយើងខ្ញុំទៅក្នុងប្រជាជាតិនានា។ 12 ព្រះអង្គទ្រង់លក់ប្រជារាស្ត្ររបស់ព្រះអង្គដោយឥតគិតថ្លៃ គឺមិនបានចំណេញពីតម្លៃរបស់ពួកគេឡើយ។ 13 ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាទីត្មះតិះដៀលដល់អ្នកជិតខាងរបស់យើងខ្ញុំ ក៏ធ្វើឲ្យយើងខ្ញុំទៅជាទីឡកឡឺយ និងជាទីសើចចំអកដល់អ្នកដែលនៅជុំវិញយើងខ្ញុំ។ 14 ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាពាក្យប្រដូចបង្អាប់នៅក្នុងចំណោមប្រជាជាតិនានា និងជាទីគ្រវីក្បាលនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ 15 វាល់ព្រឹកវាល់ល្ងាច ភាពអាប់យសរបស់ទូលបង្គំនៅចំពោះទូលបង្គំ ហើយសេចក្ដីអាម៉ាស់នៃមុខទូលបង្គំបានគ្របដណ្ដប់ទូលបង្គំ 16 ដោយសារតែសំឡេងរបស់អ្នកដែលត្មះតិះដៀល និងអ្នកដែលជេរប្រមាថ ដោយសារតែវត្តមានរបស់ខ្មាំងសត្រូវ និងអ្នកសងសឹក។ 17 ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចព្រះអង្គទេ ហើយក៏មិនបានក្បត់សម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។ 18 ចិត្តរបស់យើងខ្ញុំមិនបានថយទៅវិញទេ ហើយជំហានរបស់យើងខ្ញុំក៏មិនបានបែរចេញពីគន្លងរបស់ព្រះអង្គដែរ។ 19 យ៉ាងណាមិញ ព្រះអង្គបានកម្ទេចយើងខ្ញុំនៅកន្លែងរបស់ឆ្កែព្រៃ ហើយគ្របដណ្ដប់យើងខ្ញុំដោយស្រមោលនៃសេចក្ដីស្លាប់។ 20 ប្រសិនបើយើងខ្ញុំបានភ្លេចព្រះនាមរបស់ព្រះនៃយើងខ្ញុំ ឬលាតដៃរបស់យើងខ្ញុំទៅព្រះដទៃ 21 តើព្រះរកមិនឃើញការនេះទេឬ? ដ្បិតព្រះអង្គទ្រង់ជ្រាបអាថ៌កំបាំងនៃចិត្ត។ 22 ប៉ុន្តែដោយសារតែព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងខ្ញុំត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់។ 23 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមភ្ញាក់ឡើង! សូមកុំបោះបង់យើងខ្ញុំចោលឡើយ គឺជាដរាប! 24 ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយភ្លេចទុក្ខវេទនា និងការសង្កត់សង្កិនដល់យើងខ្ញុំដូច្នេះ? 25 ជាការពិត ព្រលឹងរបស់យើងខ្ញុំបានក្រាបចុះដល់ធូលីដី ពោះរបស់យើងខ្ញុំនៅជាប់នឹងដីដែរ។ 26 សូមក្រោកឡើង ធ្វើជាជំនួយដល់យើងខ្ញុំផង! ដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមប្រោសលោះយើងខ្ញុំផង!៕ |