ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 33 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 33

សរសើរតម្កើងដល់ព្រះអាទិករ

1 មនុស្ស​សុចរិត​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ក្នុង​ព្រះយេហូវ៉ា​! ដ្បិត​ការសរសើរតម្កើង​ពី​មនុស្ស​ទៀងត្រង់​ជា​ការសមគួរ​។

2 ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា​ដោយ​ពិណហាប ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ​ខ្សែ​ដប់​!

3 ចូរ​ច្រៀង​ចម្រៀង​ថ្មី​ថ្វាយ​ព្រះអង្គ ចូរ​លេងភ្លេង​យ៉ាងស្ទាត់ជំនាញ​ដោយ​សម្រែកហ៊ោសប្បាយ​!

4 ដ្បិត​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ទៀងត្រង់ ហើយ​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​បានធ្វើ​ក្នុង​ភាពស្មោះត្រង់​។

5 ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​; ផែនដី​បាន​ពេញ​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​។

6 បណ្ដាមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ហើយ​អស់ទាំង​ពលបរិវារ​នៃមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។

7 ព្រះអង្គ​ប្រមូល​ទឹក​សមុទ្រ​ជា​គំនរ ព្រះអង្គ​ដាក់​ទីជម្រៅ​នៅក្នុង​ឃ្លាំង​។

8 ចូរឲ្យ​ផែនដី​ទាំងមូល​កោតខ្លាច​ព្រះយេហូវ៉ា ចូរឲ្យ​អស់អ្នក​ដែល​រស់នៅ​ក្នុង​ពិភពលោក​ភិតភ័យ​នឹង​ព្រះអង្គ

9 ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល នោះក៏​កើតមាន ព្រះអង្គ​បាន​បង្គាប់ នោះក៏​នៅស្ថិតស្ថេរ​។

10 ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។

11 ដំបូន្មាន​របស់​ព្រះយេហូវ៉ា​នៅ​ជារៀងរហូត អស់ទាំង​គម្រោង​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។

12 មានពរ​ហើយ ប្រជាជាតិ​ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្លួន ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ទុកជា​មរតក​របស់​អង្គទ្រង់​!

13 ព្រះយេហូវ៉ា​បាន​ទត​មើល​ពី​ស្ថានសួគ៌ ក៏​ទត​ឃើញ​មនុស្សលោក​ទាំងអស់​។

14 ព្រះអង្គ​ទ្រង់​សង្កេតមើល​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី ពី​ទី​គង់នៅ​របស់ព្រះអង្គ​។

15 ព្រះអង្គ​សូន​ចិត្ត​ពួកគេ​ទាំងអស់គ្នា ហើយ​ឈ្វេងយល់​អស់ទាំង​កិច្ចការ​របស់ពួកគេ​។

16 ស្ដេច​មិន​ត្រូវបាន​សង្គ្រោះ​ដោយ​កងទ័ព​ច្រើន​ឡើយ ហើយ​មនុស្ស​ខ្លាំងពូកែ​ក៏មិន​ត្រូវបាន​រំដោះឲ្យរួច​ដោយ​កម្លាំង​ដ៏ខ្លាំង​ដែរ​;

17 ឯ​សេះ​ក៏​ឥតប្រយោជន៍​សម្រាប់​ការរួចជីវិត​ដែរ វា​មិន​អាច​រំដោះ​បាន​ដោយ​កម្លាំង​ដ៏ខ្លាំង​របស់វា​ឡើយ​។

18 មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ

19 ដើម្បី​រំដោះ​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់ និង​ដើម្បី​រក្សាជីវិត​របស់ពួកគេ​នៅពេល​មាន​ទុរ្ភិក្ស​។

20 ព្រលឹង​របស់យើង​រង់ចាំ​ព្រះយេហូវ៉ា ព្រះអង្គ​ជា​ជំនួយ​របស់យើង និង​ជា​ខែល​របស់យើង​។

21 ដ្បិត​ចិត្ត​របស់យើង​អរសប្បាយ​ក្នុង​ព្រះអង្គ យើង​បាន​ជឿទុកចិត្តលើ​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។

22 ព្រះយេហូវ៉ា​អើយ ដូចដែល​យើងខ្ញុំ​បាន​រំពឹង​លើ​ព្រះអង្គ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ស្ថិត​លើ​យើងខ្ញុំ​ផង​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative