ជ័យជម្នះរបស់ស្ដេចបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ព្រះយេហូវ៉ាអើយ ព្រះរាជានឹងអរសប្បាយក្នុងព្រះចេស្ដារបស់ព្រះអង្គ; ព្រះរាជានឹងត្រេកអរខ្លាំងណាស់ហ្ន៎ ក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ! 2 ព្រះអង្គបានប្រទានដល់ព្រះរាជាតាមបំណងចិត្តព្រះរាជា ហើយមិនដែលបដិសេធសំណូមពីបបូរមាត់របស់ព្រះរាជាឡើយ។ សេឡា 3 ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។ 4 ព្រះរាជាបានទូលសុំជីវិតពីព្រះអង្គ នោះព្រះអង្គបានប្រទានអាយុវែងជារៀងរហូតអស់កល្បជានិច្ចដល់ព្រះរាជា។ 5 សិរីរុងរឿងរបស់ព្រះរាជាបានធំឧត្ដមដោយសារតែសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានប្រទានកិត្តិយស និងអានុភាពដល់ព្រះរាជា។ 6 ពិតមែនហើយ ព្រះអង្គបានប្រទានព្រះពរដ៏អស់កល្បជានិច្ចដល់ព្រះរាជា ទាំងធ្វើឲ្យព្រះរាជាបានរីករាយដោយអំណរនៅចំពោះព្រះអង្គផង។ 7 ដ្បិតព្រះរាជាបានជឿទុកចិត្តលើព្រះយេហូវ៉ា ហើយដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះដ៏ខ្ពស់បំផុត ព្រះរាជានឹងមិនរង្គើឡើយ។ 8 ព្រះហស្តរបស់ព្រះករុណានឹងរកឃើញអស់ទាំងខ្មាំងសត្រូវរបស់ព្រះករុណា ព្រះហស្តស្ដាំរបស់ព្រះករុណានឹងរកឃើញពួកអ្នកដែលស្អប់ព្រះករុណា។ 9 ព្រះករុណានឹងធ្វើឲ្យពួកគេបានដូចជាឡភ្លើងក្នុងពេលដែលព្រះករុណាលេចមក; ព្រះយេហូវ៉ានឹងលេបពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងស៊ីបំផ្លាញពួកគេ។ 10 ព្រះករុណានឹងបំផ្លាញកូនចៅរបស់ពួកគេពីផែនដី គឺបំផ្លាញពូជពង្សរបស់ពួកគេពីចំណោមមនុស្សលោក។ 11 ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា ហើយបង្កើតកលល្បិចក៏ដោយ ក៏ធ្វើមិនបានដែរ 12 ដ្បិតព្រះករុណានឹងធ្វើឲ្យពួកគេបែរខ្នង; ព្រះករុណានឹងតម្រង់ធ្នូចំមុខពួកគេ។ 13 ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕ |