ព្រះបុត្រាឡើងសោយរាជ្យ1 ហេតុអ្វីបានជាប្រជាជាតិនានាច្រឡោតខឹង ហើយជាតិសាសន៍ទាំងឡាយប៉ុនប៉ងការឥតបានការដូច្នេះ? 2 បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖ 3 “ចូរយើងនាំគ្នាផ្ដាច់ចំណងរបស់ពួកព្រះអង្គ ហើយបោះខ្សែរបស់ពួកព្រះអង្គចេញពីយើងទៅ!”។ 4 ព្រះអង្គដែលគង់ចុះនៅឯស្ថានសួគ៌នឹងសើច ព្រះអម្ចាស់នឹងសើចចំអកដាក់ពួកគេ។ 5 ពេលនោះ ព្រះអង្គមានបន្ទូលនឹងពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គថា៖ 6 “យើងបានចាក់ប្រេងអភិសេកស្ដេចរបស់យើង នៅស៊ីយ៉ូនភ្នំដ៏វិសុទ្ធរបស់យើង”។ 7 ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក 8 ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។ 9 អ្នកនឹងបំបែកពួកគេដោយដំបងដែក អ្នកនឹងបោកកម្ទេចពួកគេដូចភាជនៈរបស់ជាងស្មូន”។ 10 ដូច្នេះឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូរឲ្យមានប្រាជ្ញា! ចៅក្រមទាំងឡាយនៃផែនដីអើយ ចូរទទួលការប្រៀនប្រដៅ! 11 ចូរបម្រើព្រះយេហូវ៉ាក្នុងការកោតខ្លាច ហើយត្រេកអរក្នុងការញ័ររន្ធត់! 12 ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕ |