ទំនុកតម្កើង 3 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា បទតម្កើងរបស់ដាវីឌ កាលទ្រង់រត់គេចពីអាប់សាឡំបុត្ររបស់ទ្រង់។ 1 ព្រះយេហូវ៉ាអើយ បច្ចាមិត្តរបស់ទូលបង្គំកើនចំនួនច្រើនណាស់ហ្ន៎! មនុស្សជាច្រើនបានក្រោកឡើងប្រឆាំងនឹងទូលបង្គំ! 2 មនុស្សជាច្រើននិយាយអំពីព្រលឹងរបស់ទូលបង្គំថា៖ “គ្មានសេចក្ដីសង្គ្រោះពីព្រះ សម្រាប់វាឡើយ”។ សេឡា 3 ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ជាខែលបាំងជុំវិញទូលបង្គំ ជាសិរីរុងរឿងរបស់ទូលបង្គំ និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។ 4 ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា 5 ខ្ញុំបានដេក ហើយលង់លក់ទៅ រួចក៏ភ្ញាក់ឡើង ដ្បិតព្រះយេហូវ៉ាទ្រទ្រង់ខ្ញុំ។ 6 ខ្ញុំមិនខ្លាចបណ្ដាជនរាប់ម៉ឺននាក់ ដែលតាំងខ្លួនទាស់នឹងខ្ញុំពីគ្រប់ទិសឡើយ។ 7 ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។ 8 សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា |