ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 141 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 141

សុំព្រះឲ្យការពារពីបាប និងមនុស្សបាប
បទតម្កើង​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! នៅពេល​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​នឹង​សំឡេង​របស់ទូលបង្គំ​ផង​!

2 សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ត្រូវបាន​តាំងថ្វាយ​ដូចជា​គ្រឿងក្រអូប​នៅចំពោះ​ព្រះអង្គ សូមឲ្យ​ការលើក​ដៃ​ឡើង​របស់ទូលបង្គំ​បានដូចជា​តង្វាយពេលល្ងាច​ផង​។

3 ព្រះយេហូវ៉ា​អើយ សូម​ដាក់​អ្នកយាម​នៅ​មាត់​របស់ទូលបង្គំ សូម​ការពារ​ទ្វារ​នៃ​បបូរមាត់​របស់ទូលបង្គំ​ផង​!

4 សូម​កុំឲ្យ​ចិត្ត​របស់ទូលបង្គំ​ល្អៀង​ទៅរក​សេចក្ដីអាក្រក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាមួយ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ ហើយក៏​កុំឲ្យ​ទូលបង្គំ​ហូប​ម្ហូបដ៏ឆ្ងាញ់​របស់ពួកគេ​ដែរ​។

5 សូមឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ​——​ការនេះជា​សេចក្ដីសប្បុរស​; សូមឲ្យ​គេ​ស្ដីបន្ទោស​ទូលបង្គំ​ចុះ​——​ការនេះជា​ប្រេង​លើ​ក្បាល​; សូម​កុំឲ្យ​ក្បាល​របស់ទូលបង្គំ​បដិសេធ​វា​ឡើយ​! ជាការពិត សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ទាស់នឹង​អំពើអាក្រក់​របស់មនុស្សអាក្រក់​ជានិច្ច​។

6 ពេល​ចៅក្រម​របស់ពួកគេ​ត្រូវបាន​បោះទម្លាក់​ទៅ​ចំណោតថ្ម ទើប​ពួកគេ​ឮ​ពាក្យសម្ដី​របស់ទូលបង្គំ ដ្បិត​ពាក្យសម្ដីទាំងនោះ​ធ្វើឲ្យ​ពួកគេ​បាន​រីករាយ​។

7 ពួកគេនិយាយថា​៖ “ដូចដែល​គេ​ភ្ជួរ និង​បំបែក​ដី​យ៉ាងណា ឆ្អឹង​យើង​ក៏​ត្រូវបាន​កម្ចាត់កម្ចាយ​នៅ​មាត់​ស្ថានមនុស្សស្លាប់​យ៉ាងនោះដែរ”។

8 យ៉ាងណាមិញ ព្រះអម្ចាស់​យេហូវ៉ា​នៃទូលបង្គំ​អើយ ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះអង្គ​! ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូម​កុំ​ទុក​ព្រលឹង​របស់ទូលបង្គំ​ឲ្យនៅទទេឥតការការពារ​ឡើយ​។

9 សូម​រក្សា​ទូលបង្គំ​ពី​អង្គប់​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​ចាប់​ទូលបង្គំ និង​ពី​អន្ទាក់​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ផង​!

10 សូមឲ្យ​ពួកមនុស្ស​អាក្រក់​ធ្លាក់​ទៅក្នុង​សំណាញ់​របស់ខ្លួន ខណៈដែល​ទូលបង្គំ​ឆ្លងកាត់ទៅ​ដោយសុវត្ថិភាព​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative