ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទីតុស 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទីតុស 3

សារៈសំខាន់នៃកិច្ចការដ៏ល្អ

1 ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង

2 កុំឲ្យ​មួលបង្កាច់​អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យ​មានចិត្តសប្បុរស ឲ្យ​សម្ដែង​សេចក្ដីសុភាពរាបសា​ទាំងស្រុង​ដល់​មនុស្ស​ទាំងអស់​។

3 តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។

4 ប៉ុន្តែ​នៅពេល​សេចក្ដីសប្បុរស និង​សេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ​របស់​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃយើង​បាន​លេចមក

5 ព្រះអង្គ​បាន​សង្គ្រោះ​យើង មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​តាមរយៈ​សេចក្ដីសុចរិត​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ គឺ​ដោយសារតែ​សេចក្ដីមេត្តា​របស់​ព្រះអង្គ​វិញ តាមរយៈ​ការលាងសម្អាត​នៃ​ការកើតជាថ្មី និង​ការកែប្រែជាថ្មី​ដែលមកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​។

6 ព្រះ​បាន​ចាក់បង្ហូរ​ព្រះវិញ្ញាណ​លើ​យើង​យ៉ាងសម្បូរហូរហៀរ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង

7 ដើម្បី​កាលណា​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គ នោះ​យើង​នឹង​បានជា​អ្នកទទួលមរតក ស្របតាម​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។

8 ពាក្យ​នេះ​គួរឲ្យទុកចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយសង្កត់ធ្ងន់​លើ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អ្នក​ដែល​ជឿ​ព្រះ បាន​ផ្ដោតចិត្ត​លើ​ការផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​។ សេចក្ដី​ទាំងនេះ​ល្អ និង​មានប្រយោជន៍​ដល់​មនុស្ស​។

9 ចូរ​ចៀសវាង​ពី​ការដេញដោលគ្នា​ដ៏ល្ងង់ខ្លៅ រឿង​វង្សត្រកូល ការឈ្លោះប្រកែក និង​ជម្លោះ​អំពីក្រឹត្យវិន័យ ដ្បិត​ការទាំងនោះ​សុទ្ធតែ​ឥតប្រយោជន៍ និង​ឥតខ្លឹមសារ​។

10 ចំពោះ​មនុស្ស​បង្កើតការបាក់បែក ក្រោយពី​ទូន្មាន​ម្ដង ‍ឬ​ពីរដង​ហើយ ក៏​កុំឲ្យពាក់ព័ន្ធ​នឹងពួកគេទៀត​ឡើយ

11 ដ្បិត​អ្នក​ដឹង​ថា មនុស្សបែបនេះ​បាន​ខូចសីលធម៌ និង​ប្រព្រឹត្តបាប ទាំង​ផ្ដន្ទាទោសខ្លួនឯង​ផង​។

ពាក្យណែនាំចុងក្រោយ

12 កាលណា​ខ្ញុំ​ចាត់​អើតេម៉ាស ឬ​ទីឃីកុស​ឲ្យមក​ជួប​អ្នក សូម​ព្យាយាម​មករក​ខ្ញុំ​នៅ​នីកូប៉ូលី ដ្បិត​ខ្ញុំ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ​រហូតដល់ផុតរដូវរងា​។

13 សូម​ខំ​ជួយ​សេណាស​អ្នកច្បាប់ និង​អ័ប៉ុឡូស​ឲ្យបន្តដំណើរ កុំឲ្យ​ពួកគេ​ខ្វះ​អ្វីឡើយ​។

14 គ្នា​របស់យើង​ក៏​ត្រូវ​រៀនឲ្យចេះ​ផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​ដើម្បី​បំពេញ​តម្រូវការ​ដែល​ចាំបាច់ ដើម្បីកុំឲ្យ​ពួកគេ​ទៅជា​មនុស្ស​មិនបង្កើតផល​ឡើយ​។

15 ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នក‍។ សូម​ជួយ​សួរសុខទុក្ខ​អ្នក​ដែល​ស្រឡាញ់​យើង​ក្នុង​ជំនឿ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative