Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ភីលេម៉ូន 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល ដែលជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​ភីលេម៉ូន​ជាទីស្រឡាញ់ និង​ជា​អ្នករួមការងារ​ជាមួយយើង

2 ហើយ​ជូនចំពោះ​អាប់ភា​បងប្អូនស្រី​របស់យើង និង​អើឃីព​អ្នករួមប្រយុទ្ធ​ជាមួយយើង ព្រមទាំង​ជូនចំពោះ​ក្រុមជំនុំ​ដែល​នៅ​ផ្ទះ​របស់អ្នក​ដែរ​។

3 សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


អរព្រះគុណអំពីភីលេម៉ូន

4 ខ្ញុំ​តែងតែ​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ ទាំង​នឹកចាំ​អំពី​អ្នក​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ

5 ដោយ​បាន​ឮ​អំពី​សេចក្ដីស្រឡាញ់ និង​ជំនឿ​របស់អ្នក ដែល​អ្នក​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូវ និង​ចំពោះ​វិសុទ្ធជន​ទាំងអស់​។

6 ខ្ញុំអធិស្ឋាន​ឲ្យ​ការប្រកបគ្នា​នៃ​ជំនឿ​របស់អ្នក​មាន​ប្រសិទ្ធភាព តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​អស់ទាំង​សេចក្ដី​ល្អ​ដែល​នៅក្នុងចំណោម​យើង​សម្រាប់​ព្រះ​គ្រីស្ទ​។

7 ជាការពិត ខ្ញុំ​មាន​អំណរ និង​ការកម្សាន្តចិត្ត​យ៉ាងខ្លាំង ដោយសារតែ​សេចក្ដីស្រឡាញ់​របស់អ្នក ដ្បិត​ប្អូន​អើយ ដួងចិត្ត​របស់​វិសុទ្ធជន​ត្រូវបាន​ធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈ​អ្នក​។


ពាក្យអង្វររបស់ប៉ូល

8 ដោយហេតុនេះ ទោះបីជា​ខ្ញុំ​មាន​ភាពក្លាហាន​យ៉ាងខ្លាំង​ក្នុង​ព្រះ​គ្រីស្ទ គឺ​អាច​បញ្ជា​អ្នក​នូវ​អ្វី​ដែល​គប្បី​ក៏ដោយ

9 ក៏​ខ្ញុំ​សុខចិត្ត​សូមអង្វរ​អ្នក​វិញ ដោយសារតែ​សេចក្ដីស្រឡាញ់​។ ខ្ញុំ ប៉ូល ក្នុងនាមជា​មនុស្សចាស់​បែបនេះ ហើយ​ឥឡូវនេះ​ជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ទៀតផង​——

10 ខ្ញុំ​សូមអង្វរ​អ្នក​អំពី​កូន​របស់ខ្ញុំ គឺ​អូនេស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅពេល​ជាប់ឃុំឃាំង​។

11 ពីមុន គាត់​គ្មានប្រយោជន៍​ដល់​អ្នក​ទេ ប៉ុន្តែ​ឥឡូវនេះ គាត់​មានប្រយោជន៍​ដល់​អ្នក​ផង ដល់​ខ្ញុំ​ផង​។

12 ខ្ញុំ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​រក​អ្នក​វិញ គាត់​គឺជា​ដួងចិត្ត​របស់ខ្ញុំ​។

13 ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ ដើម្បីឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុងពេល​ដែល​ខ្ញុំ​ជាប់ឃុំឃាំង​ដើម្បី​ដំណឹងល្អ

14 ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយគ្មាន​ការយល់ព្រម​ពីអ្នក ដើម្បីកុំឲ្យ​ការល្អ​របស់អ្នក​ដូចជា​មកពី​ការបង្ខំ​ឡើយ គឺ​ឲ្យ​មកពី​ការស្ម័គ្រចិត្ត​វិញ​។

15 តាមពិត ប្រហែល​នេះជាហេតុដែល​គាត់​បាន​ចាកចេញ​ពីអ្នក​មួយរយៈ ដើម្បីឲ្យ​អ្នក​បាន​ទទួល​គាត់​មកវិញ​អស់កល្បជានិច្ច

16 មិនមែន​ដូចជា​បាវបម្រើ​ទៀតទេ គឺ​លើសជាង​បាវបម្រើ​ទៅទៀត គឺជា​បងប្អូន​ដ៏ជាទីស្រឡាញ់ ជាពិសេស​សម្រាប់​ខ្ញុំ​។ ចុះ​សម្រាប់​អ្នក​វិញ តើ​នឹង​លើសជាង​យ៉ាងណាទៅ គឺ​ទាំង​ខាង​សាច់ឈាម ទាំង​ក្នុង​ព្រះអម្ចាស់​!

17 ដូច្នេះ ប្រសិនបើ​អ្នក​ចាត់ទុក​ខ្ញុំ​ជា​ដៃគូ សូម​ទទួល​គាត់​ដូចជា​ទទួល​ខ្ញុំ​ដែរ​។

18 ប្រសិនបើ​គាត់​បាន​ធ្វើ​អ្វី​មិនស្មោះត្រង់​ចំពោះ​អ្នក ឬ​ជំពាក់​អ្វីដល់អ្នក សូម​គិតលើ​ខ្ញុំ​វិញ​ចុះ​។

19 ខ្ញុំ ប៉ូល សូម​សរសេរ​ដោយ​ដៃខ្ញុំផ្ទាល់​ថា ខ្ញុំ​នឹង​សងវិញ​——​ខ្ញុំ​មិនបាច់រំលើក​ថា​អ្នក​ក៏​ជំពាក់​ខ្ញុំ​ដែរ សូម្បីតែ​ខ្លួនអ្នកផ្ទាល់​‍!

20 មែនហើយ ប្អូន​អើយ‍​! សូម​ធ្វើឲ្យ​ខ្ញុំ​មានអំណរ​ពីអ្នក ក្នុង​ព្រះអម្ចាស់​ផង សូម​ធ្វើឲ្យ​ដួងចិត្ត​របស់ខ្ញុំ​ស្រស់ស្រាយឡើងវិញ​ក្នុង​ព្រះ​គ្រីស្ទ​ផង​។

21 ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿជាក់​ថា​អ្នក​នឹង​ស្ដាប់តាម ទាំង​ដឹង​ដែរ​ថា អ្នក​នឹង​ធ្វើ​លើសពី​អ្វីដែល​ខ្ញុំ​សុំ​ទៅទៀត​។

22 ក្នុងពេលជាមួយគ្នា សូម​រៀបចំ​កន្លែងស្នាក់នៅ​សម្រាប់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ត្រូវបាន​ប្រទានឲ្យ​មកជួប​អ្នករាល់គ្នា ដោយព្រោះតែ​ការអធិស្ឋាន​របស់អ្នករាល់គ្នា​។


សេចក្ដីបញ្ចប់

23 អេប៉ាប្រាស​អ្នកជាប់គុកជាមួយ​ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ផ្ដាំ​សួរសុខទុក្ខ​អ្នក​។

24 ម៉ាកុស អើរីស្តាក ដេម៉ាស និង​លូកា អ្នករួមការងារ​ជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ​។

25 សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម