ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


កិច្ចការ 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
កិច្ចការ 4

ពេត្រុស និងយ៉ូហានត្រូវបានចាប់ខ្លួន

1 ខណៈដែល​ពេត្រុស និងយ៉ូហាន​កំពុង​និយាយ​នឹង​ប្រជាជន ពួក​បូជាចារ្យ មេតម្រួត​ព្រះវិហារ និង​ពួកសាឌូស៊ី​បាន​ចូលមក

2 ទាំង​មួម៉ៅ ដោយសារ​អ្នកទាំងពីរ​កំពុង​បង្រៀន​ប្រជាជន ព្រមទាំង​ប្រកាស​ដោយ​អាង​ព្រះយេស៊ូវ នូវ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

3 ពួកគេ​ក៏​លូក​ដៃ​ចាប់​អ្នកទាំងពីរ ហើយ​ឃុំ​ពួកគេ​ទុក​រហូតដល់​ថ្ងៃបន្ទាប់ ដ្បិត​ល្ងាច​ណាស់​ហើយ​។

4 ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​ជាច្រើន​ក្នុង​អ្នក​ដែល​ឮ​ព្រះបន្ទូល​បាន​ជឿ ហើយ​ចំនួន​មនុស្សប្រុស​មានដល់​ប្រមាណ​ប្រាំពាន់​នាក់​។

ពេត្រុស និងយ៉ូហាននៅមុខពួកមេដឹកនាំជនជាតិយូដា

5 លុះ​ស្អែកឡើង ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​បាន​ប្រជុំគ្នា​នៅ​យេរូសាឡិម

6 ជាមួយ​មហាបូជាចារ្យ​អាន់ណាស និង​កៃផាស យ៉ូហាន អ័លេក្សានត្រុស ព្រមទាំង​អស់អ្នកដែល​ជា​សាច់ញាតិ​របស់​មហាបូជាចារ្យ​។

7 ពួកគេ​ឲ្យ​ពេត្រុស និងយ៉ូហាន​ឈរ​នៅ​កណ្ដាលចំណោម ហើយ​សួរថា​៖ “តើ​ពួកអ្នក​បាន​ធ្វើ​ការនេះ​ដោយ​អំណាច​អ្វី ឬ​ក្នុង​នាម​នរណា​?”។

8 ពេលនោះ ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “មេគ្រប់គ្រង​របស់​ប្រជាជន និង​ចាស់ទុំ​ទាំងឡាយ​អើយ​!

9 ប្រសិនបើ​យើងខ្ញុំ​ត្រូវបាន​សួរចម្លើយ​នៅ​ថ្ងៃនេះ អំពី​ការល្អ​ដែលបានធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថា​តើ​បុរសនេះ​ត្រូវបាន​ប្រោសឲ្យជា​យ៉ាងដូចម្ដេច

10 នោះ​ចូរ​ឲ្យ​អស់លោក និង​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ដឹងច្បាស់​ថា បុរសនេះ​បាន​ឈរ​នៅមុខ​អស់លោក ទាំង​មានសុខភាពល្អ ដោយសារតែ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ដែល​អស់លោក​បាន​ឆ្កាង គឺ​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​!

11 គឺ​ព្រះអង្គនេះ​ហើយ​ជា ‘ថ្ម​ដែល​អ្នករាល់គ្នា​ជា​ជាងសង់ផ្ទះ​មើលងាយ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ’។

12 គ្មាន​សេចក្ដីសង្គ្រោះ​តាមរយៈ​អ្នកណា​ផ្សេងទៀត​ឡើយ ដ្បិត​នៅ​ក្រោមមេឃ គ្មាន​នាម​ផ្សេងទៀត​ដែល​បាន​ប្រទាន​មក​មនុស្ស ដើម្បីឲ្យ​យើង​ត្រូវតែ​ទទួល​ការ​សង្គ្រោះ​នោះ​ឡើយ”។

ហាមមិនឲ្យផ្សព្វផ្សាយក្នុងព្រះនាមព្រះអម្ចាស់

13 នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ

14 ព្រមទាំង​ឃើញ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​កំពុង​ឈរ​ជាមួយ​អ្នកទាំងពីរ​ផង ពួកគេ​ក៏​គ្មានពាក្យតបតសោះ​។

15 ដូច្នេះ បន្ទាប់ពី​បញ្ជា​អ្នកទាំងពីរ​ឲ្យ​ចេញ​ពី​ក្រុមប្រឹក្សា​ទៅ​ខាងក្រៅ ពួកគេ​ក៏​ពិគ្រោះ​គ្នា

16 ថា​៖ “តើ​យើង​ត្រូវ​ធ្វើ​អ្វី​នឹង​អ្នក​ទាំងនេះ​? ដ្បិត​ទីសម្គាល់​ដ៏ជាក់លាក់​បាន​កើតឡើង​ដោយ​អ្នកទាំងនេះ​មែន ជា​ការ​ជាក់ច្បាស់​ដល់​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម ហើយ​យើង​មិនអាច​បដិសេធ​បានទេ​។

17 ប៉ុន្តែ​ដើម្បីកុំឲ្យ​រឿងនេះ​ឮសុសសាយ​កាន់តែខ្លាំងទៀត​ដល់​ប្រជាជន យើង​គួរតែ​សម្លុតគំរាម​ពួកគេ​កុំឲ្យ​និយាយប្រាប់​អ្នកណា​ក្នុង​នាម​នេះទៀត”។

18 ដូច្នេះ ពួកគេ​ក៏​ហៅ​អ្នកទាំងពីរ​មក ហើយ​បញ្ជា​មិន​ឲ្យ​និយាយ ឬ​បង្រៀន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​ជាដាច់ខាត​។

19 ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​តប​នឹង​ពួកគេ​ថា​៖ “តើ​ការ​ដែល​ស្ដាប់តាម​អ្នករាល់គ្នា​ជាជាង​ស្ដាប់តាម​ព្រះ ជា​ការ​ត្រឹមត្រូវ​នៅចំពោះ​ព្រះ​ឬទេ​? សូម​អស់លោក​ពិចារណា​ចុះ​!

20 ចំណែកឯ​យើងខ្ញុំ​វិញ យើងខ្ញុំ​មិនអាច​មិន​និយាយ​អ្វីដែល​យើងខ្ញុំ​បាន​ឃើញ និង​បាន​ឮ​នោះ​ទេ”។

21 បន្ទាប់ពី​សម្លុតគំរាមថែមទៀត​ហើយ ពួកគេ​ក៏​ដោះលែង​អ្នកទាំងពីរ ដោយសារតែ​ប្រជាជន​។ ពួកគេ​រកមិនឃើញមធ្យោបាយ​ដាក់ទោស​អ្នកទាំងពីរ​ទេ ពីព្រោះ​មនុស្ស​ទាំងអស់​កំពុង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។

22 រីឯ​បុរស​ដែល​ទីសម្គាល់​នៃ​ការប្រោសឲ្យជា​នេះ​បាន​កើតឡើង​ដល់​គាត់ មាន​អាយុ​សែសិប​ឆ្នាំ​ជាង​ហើយ​។

អធិស្ឋានសុំសេចក្ដីក្លាហាន

23 នៅពេល​ពេត្រុស និងយ៉ូហាន​ត្រូវបាន​ដោះលែង អ្នកទាំងពីរ​ក៏​មករក​គ្នា​របស់ខ្លួន ហើយ​រៀបរាប់ប្រាប់​ពួកគេ​អំពី​អ្វីៗដែល​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​និយាយ​។

24 កាល​បាន​ឮ​ដូច្នោះ ពួកគេ​ក៏​បន្លឺ​សំឡេង​ទៅកាន់​ព្រះ ដោយមានចិត្តតែមួយ ហើយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ! ព្រះអង្គ​ជា​អ្នក​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។

25 ព្រះអង្គ​បាន​មានបន្ទូល​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈ​មាត់​របស់​ដាវីឌ​ដូនតា​របស់យើង ដែលជា​អ្នកបម្រើ​របស់ព្រះអង្គ ថា​: ‘ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ប្រជាជន​ទាំងឡាយ​ប៉ុនប៉ង​ដោយឥតបានការ​?

26 បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ជួបជុំគ្នា ទាស់នឹង​ព្រះអម្ចាស់ ហើយ​ទាស់នឹង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ’។

27 “ជាការពិត ទាំង​ហេរ៉ូឌ និង​ប៉ុនទាស​ពីឡាត់ ជាមួយនឹង​បណ្ដា​សាសន៍ដទៃ និង​ប្រជាជន​អ៊ីស្រាអែល បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​នេះ​មែន ទាស់នឹង​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក

28 ដើម្បី​ធ្វើ​នូវ​អ្វីៗដែល​ព្រះហស្ត​របស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គ បាន​កំណត់ទុកមុន​ឲ្យ​កើតឡើង​។

29 ព្រះអម្ចាស់​អើយ! ឥឡូវនេះ សូម​ទត​មើល​សេចក្ដីគំរាមកំហែង​របស់​ពួកគេ ហើយ​ប្រទាន​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​ផង

30 ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ”។

31 បន្ទាប់ពី​ពួកគេ​បាន​អធិស្ឋាន​រួចហើយ កន្លែង​ដែល​ពួកគេ​កំពុង​ជួបជុំគ្នា​ក៏​រញ្ជួយ ហើយ​ទាំងអស់គ្នា​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេ​ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ភាពក្លាហាន​។

អ្នកជឿចែកចំណែកគ្នា

32 ពេលនោះ ហ្វូងមនុស្ស​ដែល​បាន​ជឿ​មានចិត្តគំនិតតែមួយ ហើយ​គ្មានអ្នកណា​ម្នាក់​អះអាងថា អ្វីៗដែល​ខ្លួន​មាន​ជា​របស់ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ពួកគេ​ដាក់​អ្វីៗ​ទាំងអស់​ជា​របស់​រួម​។

33 ពួក​សាវ័ក​បាន​ធ្វើបន្ទាល់​ដោយ​អំណាច​យ៉ាងខ្លាំង អំពី​ការរស់ឡើងវិញ​របស់​ព្រះអម្ចាស់​យេស៊ូវ ហើយ​មាន​ព្រះគុណ​ដ៏ធំធេង​លើ​ពួកគេ​ទាំងអស់គ្នា​។

34 ក្នុងចំណោម​ពួកគេ គ្មាន​អ្នកណា​ខ្វះខាត​ឡើយ ដ្បិត​អ្នកណាដែល​ជា​ម្ចាស់​ដី ឬ​ម្ចាស់​ផ្ទះ បាន​លក់​របស់ទាំងនោះ ហើយ​យក​ប្រាក់​ពី​ការ​លក់​ទាំងនោះ​មក

35 ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក ហើយ​ពួកគេ​ក៏​ចែក​ឲ្យ​ម្នាក់ៗ​តាមដែល​គេ​ត្រូវការ​។

36 មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​)

37 គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​នោះ​មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative