អារម្ភកថា1 ឱ ឯកឧត្ដមថេវភីលអើយ! ពិតណាស់ហើយ ខ្ញុំបានសរសេរក្នុងសៀវភៅទីមួយ អំពីកិច្ចការទាំងអស់ដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើ និងបង្រៀន 2 រហូតដល់ថ្ងៃដែលព្រះអង្គត្រូវបានទទួលឡើងទៅ ក្រោយពីព្រះអង្គបានបង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកសាវ័កដែលព្រះអង្គបានជ្រើសរើស។ 3 បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។ សេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធ4 ពេលគង់នៅជាមួយពួកគេ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេថា៖“កុំចាកចេញពីយេរូសាឡិមឡើយ ផ្ទុយទៅវិញ ចូររង់ចាំសេចក្ដីសន្យារបស់ព្រះបិតា ដែលអ្នករាល់គ្នាបានឮពីខ្ញុំហើយ 5 ដ្បិតយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែមិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ”។ 6 ដូច្នេះ នៅពេលមកជួបជុំគ្នា ពួកគេទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គនឹងស្ដារអាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?”។ 7 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេល ឬវេលាដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះអង្គ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាដឹងឡើយ។ 8 យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។ ការយាងឡើងទៅស្ថានសួគ៌9 បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ត្រូវបានលើកឡើងទៅនៅពេលពួកគេកំពុងសម្លឹងមើល ហើយមានពពកមួយទទួលយកព្រះអង្គបាត់ពីភ្នែកពួកគេ។ 10 នៅពេលពួកគេកំពុងសម្លឹងមើលទៅមេឃ ខណៈដែលព្រះយេស៊ូវយាងចាកចេញទៅនោះ មើល៍! មានបុរសពីរនាក់ស្លៀកសម្លៀកបំពាក់ស ឈរនៅក្បែរពួកគេ 11 ហើយនិយាយថា៖ “អ្នកកាលីឡេអើយ ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលទៅមេឃ? ព្រះយេស៊ូវនេះឯងដែលត្រូវបានទទួលឡើងទៅលើមេឃពីអ្នករាល់គ្នា នឹងយាងមកវិញតាមរបៀបដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅលើមេឃយ៉ាងនោះដែរ”។ អធិស្ឋានដោយមានចិត្តតែមួយ12 បន្ទាប់មក ពួកគេក៏ត្រឡប់ពីភ្នំមួយដែលហៅថា “ភ្នំដើមអូលីវ” ទៅយេរូសាឡិមវិញ។ ភ្នំនោះនៅជិតយេរូសាឡិម មានចម្ងាយផ្លូវដែលអនុញ្ញាតឲ្យធ្វើដំណើរក្នុងថ្ងៃសប្ប័ទ។ 13 នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។ 14 ពួកគេទាំងអស់គ្នាតែងតែផ្ចង់ស្មារតីដោយមានចិត្តតែមួយក្នុងការអធិស្ឋាន ជាមួយស្ត្រីៗ និងម៉ារាម្ដាយរបស់ព្រះយេស៊ូវ ព្រមទាំងប្អូនៗរបស់ព្រះអង្គផង។ ម៉ាត់ធាសត្រូវបានជ្រើសរើស15 នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖ 16 “បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។ 17 ជាការពិត គាត់ត្រូវបានរាប់ជាម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារបម្រើនេះ។ 18 ប៉ុន្តែអ្នកនេះបានទិញដីមួយកន្លែងដោយរង្វាន់នៃសេចក្ដីទុច្ចរិត ហើយធ្លាក់សំយុងក្បាលបែកពោះ នោះពោះវៀនទាំងអស់របស់គាត់ក៏ធ្លាយចេញមក។ 19 ហេតុការណ៍នេះត្រូវមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមបានដឹង បានជាគេហៅដីនោះជាភាសារបស់គេថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាលឈាម’។ 20 ដ្បិតមានសរសេរទុកមកក្នុងគម្ពីរទំនុកតម្កើងថា: ‘សូមឲ្យលំនៅរបស់អ្នកនោះបានស្ងាត់ជ្រងំ កុំឲ្យមានអ្នកណារស់នៅទីនោះឡើយ’ ហើយថា: ‘សូមឲ្យអ្នកផ្សេងទទួលមុខងាររបស់គាត់’។ 21 “ដូច្នេះ ត្រូវតែឲ្យម្នាក់ក្នុងអ្នកដែលរួមដំណើរជាមួយពួកយើង នៅគ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងចេញចូលក្នុងចំណោមពួកយើង 22 ចាប់តាំងពីពិធីជ្រមុជទឹករបស់យ៉ូហាន រហូតដល់ថ្ងៃដែលព្រះយេស៊ូវត្រូវបានទទួលឡើងពីពួកយើងទៅ គឺឲ្យម្នាក់ក្នុងអ្នកទាំងនេះធ្វើជាសាក្សីជាមួយយើងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ”។ 23 ដូច្នេះ ពួកគេបានលើកឈ្មោះពីរនាក់ គឺយ៉ូសែបដែលគេហៅថាបារសាបាសផងយូស្ទុសផង និងម្នាក់ទៀតគឺម៉ាត់ធាស។ 24 ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង 25 ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។ 26 បន្ទាប់មក ពួកគេក៏ចាប់ឆ្នោតឲ្យពីរនាក់នោះ ហើយឆ្នោតត្រូវលើម៉ាត់ធាស ដូច្នេះគាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំងដប់មួយនាក់៕ |