យ៉ូហាន 21 - ព្រះគម្ពីរខ្មែរសាកលលេចមកដល់ពួកសិស្សជាលើកទីបី 1 បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវបានសម្ដែងអង្គទ្រង់ដល់ពួកសិស្សម្ដងទៀត នៅបឹងទីបេរាស។ ព្រះអង្គបានសម្ដែងអង្គទ្រង់យ៉ាងនេះ: 2 ពេលនោះ ស៊ីម៉ូនពេត្រុស ថូម៉ាសដែលគេហៅថាឌីឌីម ណាថាណែលអ្នកកាណាក្នុងកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀត នៅជាមួយគ្នា។ 3 ស៊ីម៉ូនពេត្រុសនិយាយនឹងពួកគេថា៖ “ខ្ញុំទៅនេសាទត្រី”។ ពួកគេថា៖ “យើងទៅជាមួយដែរ”។ ពួកគេក៏ចេញទៅ ហើយជិះទូក។ ប៉ុន្តែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។ 4 លុះដល់ព្រលឹមហើយ ព្រះយេស៊ូវទ្រង់ឈរនៅមាត់បឹង ប៉ុន្តែពួកសិស្សមិនបានដឹងថាជាព្រះយេស៊ូវទេ។ 5 ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“កូនរាល់គ្នាអើយ កូនគ្មានត្រីទេ មែនទេ?”។ ពួកគេទូលថា៖ “គ្មានទេ”។ 6 ព្រះអង្គមានបន្ទូលថា៖“ចូរទម្លាក់អួនទៅខាងស្ដាំទូក នោះនឹងបានត្រី”។ ពួកគេក៏ទម្លាក់អួន ប៉ុន្តែទាញវាមិនរួចទេ ដោយសារតែចំនួនត្រីច្រើន។ 7 សិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ក៏និយាយនឹងពេត្រុសថា៖ “គឺព្រះអម្ចាស់ហើយ!”។ នៅពេលឮថាជាព្រះអម្ចាស់ ស៊ីម៉ូនពេត្រុសក៏យកអាវមកក្រវាត់ ពីព្រោះគាត់នៅខ្លួនទទេ ហើយលោតចុះទៅក្នុងបឹង។ 8 រីឯសិស្សឯទៀតបានមកក្នុងទូកតូច ទាំងអូសអួនដែលមានត្រី ពីព្រោះពួកគេនៅមិនឆ្ងាយពីគោកទេ គឺប្រមាណកៅសិបម៉ែត្រ។ 9 នៅពេលឡើងទៅលើគោក ពួកគេក៏ឃើញមានរងើកភ្លើង ហើយមានត្រីដាក់ពីលើវា ទាំងមាននំប៉័ងដែរ។ 10 ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកត្រីខ្លះដែលទើបតែចាប់បានមក”។ 11 ស៊ីម៉ូនពេត្រុសក៏ចុះទៅ ហើយទាញអួនដែលពេញដោយត្រីធំៗមួយរយហាសិបបីក្បាលមកលើគោក។ ទោះបីជាមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ 12 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មក៍! ហូបចុះ”។ ប៉ុន្តែគ្មានអ្នកណាក្នុងពួកសិស្សហ៊ានទូលសួរព្រះអង្គថា៖ “តើលោកជានរណា?” ឡើយ ពីព្រោះពួកគេដឹងហើយថា ជាព្រះអម្ចាស់។ 13 ព្រះយេស៊ូវយាងមកយកនំប៉័ងប្រទានដល់ពួកគេ រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។ 14 នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកដល់ពួកសិស្ស ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ ព្រះយេស៊ូវ និងពេត្រុស 15 នៅពេលពួកគេហូបហើយ ព្រះយេស៊ូវទ្រង់សួរស៊ីម៉ូនពេត្រុសថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមកូនចៀមរបស់ខ្ញុំចុះ”។ 16 ព្រះអង្គទ្រង់សួរគាត់ទៀតជាលើកទីពីរថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលឆ្លើយថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរឃ្វាលចៀមរបស់ខ្ញុំចុះ”។ 17 ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។ 18 ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ពេលអ្នកនៅក្មេង អ្នកក្រវាត់ដោយខ្លួនឯង ហើយដើរទៅកន្លែងដែលអ្នកចង់ទៅ។ ប៉ុន្តែពេលអ្នកចាស់ទៅ អ្នកនឹងលាតដៃរបស់អ្នក ហើយអ្នកផ្សេងនឹងក្រវាត់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ”។ 19 ព្រះអង្គមានបន្ទូលដូច្នេះ គឺបញ្ជាក់ថាពេត្រុសនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះដោយការស្លាប់បែបណា។ បន្ទាប់ពីមានបន្ទូលដូច្នេះហើយ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំចុះ!”។ កំណែដំណឹងមិនពិត 20 ពេត្រុសងាកទៅ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់កំពុងមកតាម គឺម្នាក់ដែលផ្អែកលើព្រះឱរារបស់ព្រះអង្គអំឡុងអាហារពេលល្ងាច ហើយទូលសួរថា: “ព្រះអម្ចាស់អើយ តើនរណាជាអ្នកដែលក្បត់ព្រះអង្គ?”។ 21 នៅពេលពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ចុះអ្នកនោះដូចម្ដេចដែរ?”។ 22 ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមក តើជាអ្វីនឹងអ្នក? ចូរអ្នកមកតាមខ្ញុំចុះ!”។ 23 ដូច្នេះ ពាក្យនេះក៏ចេញទៅក្នុងចំណោមបងប្អូនថា: “សិស្សម្នាក់នោះនឹងមិនស្លាប់ទេ”។ តាមពិត ព្រះយេស៊ូវមិនបានមានបន្ទូលនឹងពេត្រុសថា គាត់នឹងមិនស្លាប់នោះឡើយ គឺគ្រាន់តែថា:“ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមក តើជាអ្វីនឹងអ្នក?”។ អវសានកថា 24 គឺសិស្សម្នាក់នេះហើយ ដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ ព្រមទាំងសរសេរសេចក្ដីទាំងនេះ ហើយយើងក៏ដឹងថា ពាក្យបន្ទាល់របស់គាត់គឺពិត។ 25 មានការជាច្រើនទៀតដែលព្រះយេស៊ូវទ្រង់ធ្វើ។ ប្រសិនបើឲ្យសរសេរម្ដងមួយៗ ខ្ញុំគិតថា សូម្បីតែពិភពលោកក៏គ្មានកន្លែងទុកសៀវភៅទាំងនោះដែលត្រូវបានសរសេរដែរ៕៚ |