ពាក្យជម្រាបសួរ1 ពីខ្ញុំ ប៉ូល សាវ័កដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្ស គឺតាមរយៈព្រះយេស៊ូវគ្រីស្ទ និងព្រះដែលជាព្រះបិតាដែលបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ 2 ពីខ្ញុំ និងបងប្អូនទាំងអស់គ្នាដែលនៅជាមួយខ្ញុំ ជូនចំពោះក្រុមជំនុំនៅកាឡាទី។ 3 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! 4 ព្រះគ្រីស្ទបានថ្វាយអង្គទ្រង់ជំនួសបាបរបស់យើង ដើម្បីរំដោះយើងពីលោកីយ៍ដ៏អាក្រក់នាបច្ចុប្បន្ននេះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះដែលជាព្រះបិតារបស់យើង។ 5 សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ គ្មានដំណឹងល្អផ្សេងទៀត6 ខ្ញុំភ្ញាក់ផ្អើល ដែលអ្នករាល់គ្នាបែរចេញឆាប់យ៉ាងនេះ ពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយទៅតាមដំណឹងល្អផ្សេងទៀតវិញ។ 7 តាមពិត វាមិនមែនជាដំណឹងល្អផ្សេងទៀតទេ គឺគ្រាន់តែមានអ្នកខ្លះធ្វើឲ្យអ្នករាល់គ្នាវិលវល់ ហើយចង់បំប្លែងដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។ 8 ប៉ុន្តែទោះបីជាយើងក្ដី ឬទូតសួគ៌ពីស្ថានសួគ៌ក្ដី ផ្សាយដំណឹងល្អដល់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានផ្សព្វផ្សាយដល់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ 9 ដូចដែលយើងបាននិយាយទុកមុន ឥឡូវនេះខ្ញុំសូមនិយាយម្ដងទៀតថា ប្រសិនបើអ្នកណាផ្សាយដំណឹងល្អដល់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ 10 ឥឡូវនេះ តើខ្ញុំរកការទុកចិត្តពីមនុស្ស ឬពីព្រះ? តើខ្ញុំកំពុងព្យាយាមបំពេញចិត្តមនុស្សឬ? ប្រសិនបើខ្ញុំនៅតែព្យាយាមបំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រីស្ទឡើយ។ ប៉ូលការពារមុខងារជាសាវ័ករបស់ខ្លួន11 បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយនេះ គឺមិនមែនចេញពីមនុស្សទេ 12 ពីព្រោះខ្ញុំមិនបានទទួលដំណឹងល្អនេះពីមនុស្សឡើយ ហើយក៏មិនត្រូវគេបង្រៀនដែរ គឺបានទទួលដំណឹងល្អនេះតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទវិញ។ 13 អ្នករាល់គ្នាបានឮហើយ អំពីកិរិយារបស់ខ្ញុំកាលខ្ញុំនៅក្នុងសាសនាយូដា ថាខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ថែមទាំងបំផ្លាញក្រុមជំនុំទៀតផង។ 14 ខ្ញុំបានចម្រើនឡើងក្នុងសាសនាយូដា លើសជាងអ្នកវ័យស្រករខ្ញុំជាច្រើនក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយជាអ្នកស៊ប់យ៉ាងលើសលប់ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។ 15 យ៉ាងណាមិញ ព្រះដែលញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្ដាយ ព្រមទាំងត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ គឺនៅពេលព្រះអង្គបានសព្វព្រះហឫទ័យ 16 បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ 17 ហើយក៏មិនបានឡើងទៅយេរូសាឡិម ទៅជួបពួកអ្នកដែលជាសាវ័កមុនខ្ញុំដែរ ផ្ទុយទៅវិញ ខ្ញុំបានចេញទៅអារ៉ាប៊ី រួចត្រឡប់មកដាម៉ាស់វិញ។ 18 លុះបីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមដើម្បីជួបកេផាស ហើយស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ។ 19 ប៉ុន្តែខ្ញុំមិនបានជួបសាវ័កឯទៀតទេ លើកលែងតែយ៉ាកុបប្អូនប្រុសរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ 20 សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ខ្ញុំមិនភូតភរទេ មើល៍! នៅចំពោះព្រះហើយ។ 21 បន្ទាប់មក ខ្ញុំបានធ្វើដំណើរទៅតំបន់ស៊ីរី និងគីលីគា។ 22 កាលនោះ ក្រុមជំនុំក្នុងព្រះគ្រីស្ទនៅយូឌា មិនបានស្គាល់មុខខ្ញុំឡើយ 23 ពួកគេគ្រាន់តែឮថា៖ “ម្នាក់ដែលបៀតបៀនយើងពីមុន ឥឡូវនេះផ្សព្វផ្សាយអំពីជំនឿដែលគាត់ព្យាយាមបំផ្លាញកាលពីដើមនោះវិញ” 24 ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយព្រោះខ្ញុំ៕ |