«អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
យ៉ូហាន 17:3 - Khmer Christian Bible ហើយជីវិតអស់កល្បជានិច្ចនោះ គឺឲ្យពួកគេស្គាល់ព្រះអង្គដែលជាព្រះដ៏ពិតតែមួយ និងព្រះយេស៊ូគ្រិស្ដដែលព្រះអង្គបានចាត់ឲ្យមក ព្រះគម្ពីរខ្មែរសាកល នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯជីវិតអស់កល្បជានិច្ចនោះគឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រិស្ត* ដែលព្រះអង្គចាត់ឲ្យមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង អាល់គីតាប រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។ |
«អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
ខ្ញុំដឹងថា ព្រះអង្គស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែខ្ញុំទូលដូច្នេះ ដោយសារតែបណ្តាជនដែលឈរនៅជុំវិញ គឺដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន»
រីឯអ្នកជំនួយជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់ឲ្យមកដោយនូវឈ្មោះរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ ហើយរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ ដូចដែលព្រះអង្គបានចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះដែរ។
ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។
ឱព្រះវរបិតាដ៏សុចរិតអើយ! លោកិយមិនស្គាល់ព្រះអង្គទេ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ រីឯអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ខ្ញុំ ឲ្យមកដែរ
ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានឲ្យខ្ញុំនោះ ខ្ញុំបានឲ្យពួកគេ ហើយពួកគេក៏ទទួលយក ទាំងដឹងច្បាស់ថា ខ្ញុំបានមកពីព្រះអង្គ និងជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត
ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះវរបិតាជាយ៉ាងណា នោះអស់អ្នកដែលបរិភោគខ្ញុំនឹងមានជីវិតដោយសារខ្ញុំជាយ៉ាងនោះដែរ។
ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ គឺព្រះអង្គហើយដែលចាត់ខ្ញុំឲ្យមក»
ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើព្រះវរបិតារបស់អ្នកនៅឯណា?» ព្រះយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ បើអ្នករាល់គ្នាស្គាល់ខ្ញុំ នោះអ្នករាល់គ្នាក៏បានស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ»។
ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
ដូច្នេះចំពោះការបរិភោគសំណែនដល់រូបព្រះ គឺយើងដឹងហើយថា រូបព្រះនៅក្នុងលោកិយនេះគ្មានបានការអ្វីឡើយ ហើយយើងដឹងទៀតថា ក្រៅពីព្រះជាម្ចាស់ គ្មានព្រះឯណាទៀតឡើយ
ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។
ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត
ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រិស្ដ
ដ្បិតពួកគេផ្ទាល់បានរៀបរាប់ពីរបៀបដែលអ្នករាល់គ្នាទទួលយើង និងអំពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះមកឯព្រះជាម្ចាស់ ដើម្បីបម្រើព្រះអង្គដែលជាព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិត
នៅក្នុងអណ្ដាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។
ដូច្នេះ ឱបងប្អូនដ៏បរិសុទ្ធដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌របស់ព្រះជាម្ចាស់អើយ! ចូរពិចារណាអំពីព្រះយេស៊ូជាសាវក និងជាសម្ដេចសង្ឃដែលយើងបានប្រកាសថាយើងជឿនោះចុះ
ដោយសារអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ និងព្រះយេស៊ូជាព្រះអម្ចាស់របស់យើង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
ដ្បិតព្រះចេស្ដារបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើងឲ្យមកឯសិរីរុងរឿង និងសេចក្ដីល្អរបស់ព្រះអង្គផ្ទាល់
ដ្បិតបើសេចក្ដីទាំងនេះបានកើនឡើងនៅក្នុងអ្នករាល់គ្នា មិនធ្វើឲ្យអ្នករាល់គ្នាជាមនុស្សខ្ជិលច្រអូស ឬគ្មានផលផ្លែក្នុងការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងឡើយ
ដ្បិតជីវិតនោះត្រូវបានបង្ហាញឲ្យឃើញហើយ ដូច្នេះយើងបានឃើញ និងធ្វើបន្ទាល់ ព្រមទាំងប្រកាសប្រាប់អ្នករាល់គ្នាអំពីជីវិតអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅជាមួយព្រះវរបិតា ហើយបានបង្ហាញឲ្យយើងឃើញ។
ដូច្នេះ អ្វីដែលយើងបានឃើញ និងបានឮនោះ យើងប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ ហើយសេចក្ដីប្រកបរបស់យើងជាសេចក្ដីប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។
អស់អ្នកដែលបដិសេធព្រះរាជបុត្រា នោះគ្មានព្រះវរបិតាទេ រីឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានព្រះវរបិតាដែរ។
រីឯយើងវិញ យើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្ដាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។