ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
២ របាក្សត្រ 20:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ព ដោយច្រៀងតម្កើងព្រះអម្ចាស់ថា «ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់បានពិគ្រោះនឹងបណ្តាជនហើយ នោះទ្រង់ក៏ដំរូវឲ្យមានពួកអ្នក ដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច អាល់គីតាប បន្ទាប់មកស្តេចពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចំរៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ពដោយច្រៀងតម្កើងអុលឡោះតាអាឡាថា «ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។ |
ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះ ដើម្បីអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសព្រះអង្គនៅអស់កល្បជានិច្ច។
ពួកកូនចៅអ៊ីស្រាអែលដែលបានមកក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់ប្រាំពីរថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា។
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។
ពេលពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញ ក្នុងកាលដែលភ្លើងធ្លាក់មក និងសិរីល្អនៃព្រះនៅលើព្រះវិហារ នោះគេក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។
ឯពួកសង្ឃឈរនៅតាមកន្លែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលព្រះបាទដាវីឌបានធ្វើសម្រាប់អរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលព្រះបាទដាវីឌបានសរសើរ ដោយសារពួកនោះថា «សេចក្ដីសប្បុរសរបស់ព្រះនៅអស់កល្បជានិច្ច»។ ពួកសង្ឃក៏ផ្លុំត្រែនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរឡើង។
នៅពេលធ្វើពិធីបុណ្យឆ្លងកំផែងក្រុងយេរូសាឡិម គេស្វែងរកពួកលេវីពីគ្រប់កន្លែងទាំងអស់របស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យឆ្លងដោយអំណរ ព្រមទាំងមានចម្រៀងអរព្រះគុណ មានច្រៀងអមដោយឈិង ពិណ និងស៊ុង។
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ចូរថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ គឺដល់ព្រះយេហូវ៉ា ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងលម្អបរិសុទ្ធ។
សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ!
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។