សុភាសិត 15:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងដកផ្ទះរបស់មនុស្សក្រអឺតក្រទមចេញ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យព្រំដីរបស់ស្ត្រីមេម៉ាយស្ថិតនៅជាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែទ្រង់នឹងតាំងគោលចារិកនៃស្រីមេម៉ាយឲ្យមាំមួនវិញ។ អាល់គីតាប អុលឡោះតាអាឡារំលំផ្ទះរបស់មនុស្សអំនួត តែទ្រង់ការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។ |
ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ព្រះអង្គប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។
ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដី ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច រីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។
អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? ព្រះជាម្ចាស់មានព្រះហឫទ័យ ស្មោះស្ម័គ្រជានិច្ច!។
ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន ហើយព្រះអង្គនឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។
ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។
កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌! ចូរណែនាំអ្នកដែលសង្កត់សង្កិនគេ ឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ! ចូររកយុត្តិធម៌ឲ្យក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយ!
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិត ពួកគេមិនគិតពីយុត្តិធម៌ទេ ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ ពួកគេចេះតែចម្រើនឡើង ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ទ្រង់ក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។
«ពេលណាអ្នកចូលកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។