ចោទិយកថា 19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ច្បាប់ស្ដីអំពីក្រុងជម្រក 1 «ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក បំផ្លាញប្រជាជាតិនានាចេញពីទឹកដីដែលព្រះអង្គប្រទានឲ្យអ្នក ពេលណាអ្នកដណ្ដើមទឹកដីបានពីពួកគេ ហើយរស់នៅក្នុងក្រុង និងផ្ទះរបស់ពួកគេហើយ 2 អ្នកត្រូវញែកក្រុងបី នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់។ 3 ត្រូវបែងចែកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌កនោះ ជាបីតំបន់ ហើយរៀបចំឲ្យមានផ្លូវក្នុងតំបន់ទាំងនោះ ដើម្បីឲ្យអ្នកសម្លាប់គេអាចរត់ទៅជ្រកកោននៅក្នុងក្រុងទាំងបី។ 4 អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃជាមួយបុរសម្នាក់ទៀត 5 ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្ដាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។ 6 ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់ឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។ 7 ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកឲ្យញែកក្រុងបីទុកដាច់ឡែកពីគេ។ 8 ប្រសិនបើព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីឲ្យអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ហើយប្រសិនបើព្រះអង្គប្រគល់ស្រុកទាំងមូលមកអ្នក ជាស្រុកដែលព្រះអង្គបានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នក 9 អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ។ 10 ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។ 11 ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយក៏ដោយ 12 ពួកព្រឹទ្ធាចារ្យ*របស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។ 13 កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។ ច្បាប់ស្ដីអំពីការបង្ខិតបង្គោលរបង 14 «ពេលណាអ្នកចូលកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។ សាក្សីក្លែងក្លាយ 15 «ប្រសិនបើមានសាក្សីតែម្នាក់ គេពុំអាចដាក់ទោសនរណាដែលជាប់សង្ស័យថា ប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាបណាមួយនោះឡើយ។ កាលណាមានសាក្សីពីរ ឬបីនាក់ ទើបសំណុំរឿងនោះអាចយកជាការបាន។ 16 ពេលសាក្សីក្លែងក្លាយម្នាក់ចោទប្រកាន់មនុស្សម្នាក់ទៀតថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ 17 អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ហើយឈរនៅចំពោះមុខបូជាចារ្យ* និងចៅក្រមដែលកាន់មុខតំណែងនៅពេលនោះ។ 18 ចៅក្រមត្រូវសាកសួរឲ្យបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះនិយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន 19 នោះត្រូវដាក់ទោសគាត់ដូចគាត់បានគ្រោងទុក សម្រាប់ដាក់ទោសជនជាប់ចោទ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ 20 អ្នកឯទៀតៗឮដំណឹងនេះគេនឹងភ័យខ្លាច ហើយគ្មាននរណាប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។ 21 កុំអាណិតអាសូរអ្នកមានទោសឲ្យសោះ។ អ្នកណាសម្លាប់គេ ត្រូវសម្លាប់អ្នកនោះវិញ អ្នកណាវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកអ្នកនោះម្ខាងវិញ អ្នកណាវាយគេឲ្យបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយ អ្នកណាវាយគេបាក់ដៃម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ដៃម្ខាងវិញ អ្នកណាវាយគេបាក់ជើងម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ជើងម្ខាងវិញដែរ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies