យេរេមា 15:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំ មិនព្រមជាសះដូច្នេះ? ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយជានិច្ច ហើយរបួសទូលបង្គំមើលមិនព្រមសះសោះដូច្នេះ? កាពិតព្រះអង្គដូចជាបព្ឆោតដល់ទូលបង្គំ គឺដូចជាទឹកដែលហូរមិនទៀងទាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយ នៅជានិច្ច ហើយរបួសទូលបង្គំមើលមិនជា ក៏មិនព្រមសះសោះដូច្នេះ តើទ្រង់នឹងបានដូចជាសេចក្ដីបញ្ឆោត ដល់ទូលបង្គំជាពិត គឺដូចជាទឹកដែលមិនទៀងឬ។ អាល់គីតាប ហេតុអ្វីបានជាខ្ញុំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសខ្ញុំ មិនព្រមជាសះដូច្នេះ? ទ្រង់ពិតជាធ្វើឲ្យខ្ញុំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ! |
ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ ក៏ព្រះអង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែរ របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត?
ឱព្រះអម្ចាស់អើយ តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹក ពេលអ្នកទាំងនោះទៅដល់ស្រះ ពុំឃើញមានទឹកសោះ។ គេត្រឡប់មកវិញ ក្អមទទេ ហើយខកចិត្ត អាម៉ាស់ និងអស់សង្ឃឹមទៀតផង។
ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាម ព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «របួសរបស់អ្នកមើលមិនជាទេ ដំបៅរបស់អ្នកក៏មិនអាចសះដែរ។
ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នក ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី ប្រជាជននៅក្រុងម៉ូរ៉ាស៊ីត-កាថ។ ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញ គេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រាអែលខកចិត្ត។
ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ ដំបៅនេះស៊ីរហូតដល់ស្រុកយូដា និងដល់ទ្វារក្រុងយេរូសាឡឹម ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។