ម៉ាថាយ 5:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក! ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលបន្ទាបខ្លួន ដ្បិតពួកគេនឹងទទួលផែនដីជាមរតក។ Khmer Christian Bible មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងបានផែនដីជាមរតក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមត៌ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក អាល់គីតាប អ្នកណាមានចិត្ដស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក! |
ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ
មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
ព្រះអង្គនាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ព្រះអង្គបង្រៀនគេឲ្យស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ។
អស់អ្នកដែលព្រះអម្ចាស់ប្រទានពរ នឹងទទួលទឹកដីជាមត៌ក រីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់កាល់ចោល។
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងទទួលទឹកដីជាមត៌ក។
ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង!
ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាប មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល នឹងប្រោសឲ្យមនុស្សក្រីក្រ បានត្រេកអរសប្បាយដ៏លើសលុបដែរ។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព
អ្នកទាំងអស់គ្នាជាមនុស្សទន់ទាប នៅក្នុងស្រុកអើយ អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គ ដូច្នេះ ចូរស្វែងរកព្រះអម្ចាស់ទៅ។ ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
«ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា: មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ» ។
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។
ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។
ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។
ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។
ត្រូវមានចិត្តស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូតគ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។
ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។
ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសម្តែងកិរិយាមារយាទរបស់ខ្លួនឲ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។
តែត្រូវទុកឲ្យព្រះគ្រិស្ត*ជាព្រះអម្ចាស់សម្តែងព្រះបារមី ក្នុងចិត្តគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច
តែត្រូវតុបតែងខាងក្នុងជម្រៅចិត្តរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលុបនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះវិញ គឺមានចិត្តស្លូតបូត ស្រគត់ស្រគំ។