បរិទេវ 5:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប អាល់គីតាប យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប! |
ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានទម្លាក់មកុដរាជ្យ របស់ព្រះរាជាទៅដី។
សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ រីឯអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។
ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្សរហូតទេ រីឯកិត្តិយសក៏មិននៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅដែរ។
ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងព្រះអម្ចាស់ ដើម្បីបន្ថោកសិរីរុងរឿងរបស់ព្រះអង្គ ដោយពាក្យសម្ដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
ចូរទូលស្ដេច និងមាតារបស់ស្ដេចថា: “សូមគង់ផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ព្រះករុណា បានធ្លាក់ចុះពីសិរសាហើយ”។
អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នក ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាព្រះអង្គឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
ព្រះអម្ចាស់អើយ សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង នឹងព្រះអង្គមែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចស្ថានមច្ចុរាជ។
យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ* អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។
ម្ដេចក៏ព្រះអម្ចាស់ទ្រង់ ព្រះពិរោធខ្លាំងដូច្នេះ! ព្រះអង្គធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះពិរោធ ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។
ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើបាបរបស់ពួកព្យាការី និងកំហុសរបស់ពួកបូជាចារ្យ ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង!
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «គេនឹងយកឈ្នួតចេញពីក្បាលអ្នក គេនឹងដកមកុដរាជ្យចេញពីអ្នក។ សភាពការណ៍នឹងផ្លាស់ប្រែ គឺមនុស្សទន់ទាបនឹងត្រូវគេលើកតម្កើង រីឯអ្នកខ្ពង់ខ្ពស់នឹងត្រូវគេបន្ទាបចុះវិញ។
ហេតុនេះហើយបានជាយើងប្រហារទីក្រុង រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។ ព្រោះតែអំពើបាបរបស់អ្នក យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។
កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នកទុកជាមកុដ។
យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់ឲ្យជាប់ ដើម្បីកុំឲ្យនរណាដណ្ដើមយកមកុដរបស់អ្នកបាន។
ជនជាតិអ៊ីស្រាអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់ព្រះអម្ចាស់»។ លោកសាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល នៅមីសប៉ា។