ជនគណនា 14:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកម៉ូសេ និងអើរ៉ុន ក្រាបចុះមុខដល់ដីនៅចំពោះក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេ នឹងអើរ៉ុន លោកទំលាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា អាល់គីតាប ម៉ូសា និងហារូន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រអែល។ |
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។
ពេលអ្នកទាំងនោះប្រហារជីវិតប្រជាជន ខ្ញុំនៅតែម្នាក់ឯង ខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី ហើយស្រែកឡើងថា៖ «ព្រះជាអម្ចាស់អើយ តើព្រះអង្គជះព្រះពិរោធ មកលើក្រុងយេរូសាឡឹម ដោយប្រល័យជីវិតជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅសេសសល់ឬ?»។
ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
គឺមានភ្លើងចេញពីព្រះអម្ចាស់ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះឱនមុខដល់ដី។
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន
លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
«ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អើរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូរទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។
លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញ។
ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាក នេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។
បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស្វេក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ ឱនមុខដល់ដីដូច្នេះ?
ព្រឹទ្ធាចារ្យទាំងម្ភៃបួនរូបនាំគ្នាក្រាបចុះនៅមុខព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គ ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថា:
បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។
ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និងជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងឱនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់