ជនគណនា 17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ដំបងរបស់លោកអើរ៉ុន 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ 3 ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ 4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញា ក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ 5 ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែល លែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។ 6 លោកម៉ូសេនាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ 7 លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ 8 នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអើរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។ 9 លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះភ័ក្ត្រព្រះអម្ចាស់ ទៅបង្ហាញជនជាតិអ៊ីស្រាអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អើរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូរទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។ 11 លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ 12 ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើម វិនាសសូន្យទាំងអស់គ្នាមិនខាន! 13 ដ្បិតអ្នកដែលចូលជិតព្រះពន្លារបស់ព្រះអម្ចាស់ នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies