ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំ ប្រៀបដូចជាកូនដែលលែងដោះហើយ
១ ពេត្រុស 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដី ដែលមានដំឡៃវិសេសនៅចំពោះព្រះ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ចូរតុបតែងបុគ្គលខាងក្នុងនៃចិត្តដោយអ្វីដែលមិនចេះសាបសូន្យ គឺវិញ្ញាណបន្ទាបខ្លួន និងស្រគត់ស្រគំ ដែលមានតម្លៃនៅចំពោះព្រះ។ Khmer Christian Bible ផ្ទុយទៅវិញ ចូរតុបតែងមនុស្សខាងក្នុងចិត្ត ដោយគ្រឿងដែលមិនពុករលួយ គឺដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ ដែលមានតម្លៃបំផុតនៅចំពោះព្រះភក្ដ្រព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្តរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលុបនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះវិញ គឺមានចិត្តស្លូតបូត ស្រគត់ស្រគំ។ អាល់គីតាប តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ដរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះអុលឡោះនោះវិញ គឺមានចិត្ដស្លូតបូត ស្រគត់ស្រគំ។ |
ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំ ប្រៀបដូចជាកូនដែលលែងដោះហើយ
ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់ ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្ដីសង្គ្រោះ
ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់
ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់ នាងមានសេចក្ដីរុងរឿង ព្រះភូសារបស់នាងចំរុះដោយមាស។
មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង
មនុស្សរាបសានឹង មានសេចក្ដីអំណរចំរើនឡើងក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្តាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
នេះជាពាក្យ ដែលហោរាយេរេមាបានផ្តាំ ដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយនឹងសេដេគាស្តេចយូដា នៅឆ្នាំទី៤ក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះលោកជាចៅហ្វាយស្លូតល្អ
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង
«ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ ដែលជាកូនរបស់មេលា»
ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ
នោះទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាជាពួកដែលសំដែងខ្លួនជាសុចរិត នៅចំពោះមុខមនុស្ស តែព្រះទ្រង់ជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ
គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ នឹងសត្វលូនវារដែរ
រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្ដីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ។
ដោយដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ
ឯប៉ុលខ្ញុំ ដែលកាលណានៅជាមួយនឹងអ្នករាល់គ្នា នោះមានឫកពាជាថោកទាប តែកាលណាឃ្លាតចេញពីអ្នករាល់គ្នាទៅ នោះមានសេចក្ដីក្លាហានចំពោះអ្នករាល់គ្នាវិញ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីសុភាព នឹងសេចក្ដីសំឡូតរបស់ព្រះគ្រីស្ទ
ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ
ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ
ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ
ហើយខំប្រឹងឲ្យអស់ពីចិត្ត នឹងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ
ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេ ដោយព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង
គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក
ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្ដីពិតវិញ
មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង
បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន
ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់
ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ