ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់ធំណាស់ គ្មានណាឲ្យស្មើទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
និក្ខមនំ 15:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។ អាល់គីតាប អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។ |
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់ធំណាស់ គ្មានណាឲ្យស្មើទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅផ្ទៃមេឃខាងលើ ឬនៅផែនដីខាងក្រោមក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសដល់ពួកបាវបំរើទ្រង់ ដែលខំដើរនៅចំពោះទ្រង់អស់ពីចិត្ត
ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ
ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅលើមេឃឬនៅផែនដីក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសដល់ពួកអ្នកបំរើទ្រង់ ដែលដើរនៅចំពោះទ្រង់ដោយចិត្តស្មោះត្រង់
តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។
គឺដល់ទ្រង់ដែលធ្វើការអស្ចារ្យយ៉ាងធំតែ១អង្គទ្រង់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ
អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រនឹងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រ ព្រមទាំងបំបែកចេញផង សូមកែទីធ្លុះធ្លាយឡើងវិញ ដ្បិតកំពុងតែទ្រេតទ្រោតទៅ
៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ ធ្វើដល់ពួកមនុស្សជាតិ
ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម
ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ ទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំ ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ។
តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា
អញនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយអស់ទាំងការអស្ចារ្យ ដែលអញនឹងធ្វើនៅកណ្តាលស្រុកនោះ ក្រោយនោះមក ស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញទៅ
នោះទ្រង់មានបន្ទូលឆ្លើយថា ថ្ងៃស្អែកចុះ រួចលោកទូលថា សូមតាមព្រះបន្ទូលទ្រង់ចុះ ដើម្បីឲ្យទ្រង់បានជ្រាបថា គ្មានអ្នកឯណាឡើយ ដែលស្មើនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
អើរ៉ុនក៏លើកដៃទៅលើទឹកនៃស្រុកអេស៊ីព្ទទាំងប៉ុន្មាន នោះក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ
ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង នឹងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ
ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលពីមុខយើងចេញ
ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ
ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់
ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន
ចូរប្រាប់ដល់ពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងជាត្រូវខ្លាចដល់អ្នកណា គឺត្រូវឲ្យខ្លាចដល់ព្រះវិញ ដែលកាលណាទ្រង់សំឡាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង អើ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចដល់ព្រះអង្គចុះ
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់
ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសំដែងឲ្យអ្នកបំរើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ នឹងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើស្ថានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឲ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន
ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចព្រះ ដែលទ្រង់ជិះផ្ទៃមេឃមកជួយឯង ហើយលើពពក ដោយភាពដ៏ឧត្តមរបស់ទ្រង់នោះទេ
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន
ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើង ដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ។
តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត
គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ