Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 60 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ពាក្យ​កាព្យ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​តាម​បទ​ឈ្មោះ «ត្រែ​នៃ​សេចក្ដី​បន្ទាល់» ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​សាសន៍​អើរ៉ាម-ន៉ាហារេម ហើយ​នឹង​សាសន៍ អើរ៉ាម-សេបា រួច​យ៉ូអាប់​ត្រឡប់​មក​វាយ​សាសន៍​អេដំម​ទាំង​១​ម៉ឺន ២​ពាន់​នាក់​នៅ​ច្រក​ភ្នំ​អំបិល សំរាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ទំលាយ​ទំលុះ​យើង​ខ្ញុំ​ហើយ ទ្រង់​បាន​មាន​សេចក្ដី​ខ្ញាល់ ឱ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ដើម​វិញ

2 ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​ញាប់‌ញ័រ ព្រម​ទាំង​បំបែក​ចេញ​ផង សូម​កែ​ទី​ធ្លុះ‌ធ្លាយ​ឡើង​វិញ ដ្បិត​កំពុង​តែ​ទ្រេត‌ទ្រោត​ទៅ

3 ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង

4 តែ​ទ្រង់​បាន​ប្រទាន​ទង់‌ជ័យ​១​ដល់​ពួក​អ្នក​ដែល​កោត ខ្លាច​ទ្រង់ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ឲ្យ​ឃើញ ដោយ​ព្រោះ​សេចក្ដី​ពិត។ –បង្អង់

5 ៙ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ ហើយ​ស្តាប់​យើង​ផង ដើម្បី​ឲ្យ​អ្នក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​សេចក្ដី​ប្រោស​ឲ្យ​រួច

6 ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ហើយ យើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត

7 ឯ​ស្រុក​កាឡាត​ជា​របស់​ផង​យើង ហើយ​ខេត្ត​ម៉ាន៉ាសេ​ផង ខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ដែល​ការ‌ពារ​ក្បាល​យើង ហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង

8 ស្រុក​ម៉ូអាប់​ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹក ហើយ​យើង​នឹង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំម នែ ស្រុក​ភីលីស្ទីន ចូរ​ស្រែក​ហ៊ោ​ឡើង ដោយ​ព្រោះ​យើង។

9 ៙ តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ចូល​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ទៅ​ឯ​ស្រុក​អេដំម

10 ឱ​ព្រះ‌អង្គ​អើយ តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ទ្រង់​បាន​ចោល​យើង​ខ្ញុំ​ហើយ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង ពល‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ដែរ

11 សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវ ដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ

12 ដោយ​ពឹង​ដល់​ព្រះនោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ របស់​យើង​ខ្ញុំ​បង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម