ដានីយ៉ែល 1:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមស្ដេចនៃយូដាទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ព្រមទាំងភាជនៈមួយចំនួននៅក្នុងដំណាក់របស់ព្រះផង នោះទ្រង់ក៏នាំទៅដែនដីស៊ីណើរ ទៅវិហារនៃព្រះរបស់ទ្រង់ ហើយដាក់ភាជនៈទាំងនោះក្នុងឃ្លាំងសម្បត្តិនៃព្រះរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ អាល់គីតាប អុលឡោះជាអម្ចាស់បានប្រគល់ស្តេចយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ម៉ាស្ជិទ ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនេប៊ូក្នេសា។ ស្តេចនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ |
ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ
នៅរាជ្យទ្រង់ នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏ឡើងមក ហើយយេហូយ៉ាគីមក៏ចុះចូលជាអ្នកបំរើទ្រង់អស់៣ឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ
លុះកាលយេហូយ៉ាគីម ចាប់តាំងសោយរាជ្យ ឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់
នេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់
ឯស្តេចស៊ីរូស ទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡិម មកដាក់ទុកនៅកន្លែងសំរាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់
នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ
នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ពីដំណើរបណ្តាជន នៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា (ឆ្នាំនោះជាឆ្នាំដំបូង នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន)
ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ នឹងពួកជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ពួកហោរា ដែលទាយដល់ឯងរាល់គ្នាថា មើល បន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នាទេ
នៅរវាងគំរប់២ឆ្នាំទៀត នោះអញនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ
ប៉ុន្តែកាលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឡើងមកក្នុងស្រុក នោះយើងបាននិយាយគ្នាថា ចូរយើងចូលទៅក្នុងក្រុងយេរូសាឡិម ឲ្យរួចពីពួកទ័ពខាល់ដេ នឹងពួកទ័ពស៊ីរីចេញ ហេតុនោះបានជាយើងរាល់គ្នា អាស្រ័យនៅក្នុងក្រុងយេរូសាឡិមសព្វថ្ងៃនេះ។
ចូរថ្លែងប្រាប់នៅកណ្តាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលបានត្រូវខ្មាសទៅ ព្រះម្រដាក់បានត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ
អញនឹងធ្វើទោសដល់ព្រះបាល នៅស្រុកបាប៊ីឡូន ហើយនឹងធ្វើឲ្យរបស់ទាំងប៉ុន្មាន ដែលវាបានលេបទៅ បានចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ នឹងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់
ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានធំឡើង ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ
ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។
ធ្វើដូចម្តេចឲ្យមនុស្សតែម្នាក់ដេញដល់១ពាន់នាក់ ឬ២នាក់ ធ្វើឲ្យ១ម៉ឺននាក់រត់ទៅបាន លើកតែព្រះដ៏ជាថ្មដារបស់ពួកនោះបានលក់គេ ឬព្រះយេហូវ៉ាបានប្រគល់គេទៅប៉ុណ្ណោះ
ដូច្នេះព្រះយេហូវ៉ាក៏កើតមានសេចក្ដីខ្ញាល់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ក៏លក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ដែលនៅជុំវិញដែរ ដល់ម៉្លេះបានជាគេពុំអាចនឹងទប់ទល់ នៅមុខពួកខ្មាំងសត្រូវបានឡើយ
ហេតុនោះបានជាព្រះយេហូវ៉ាកើតមានសេចក្ដីខ្ញាល់នឹងសាសន៍អ៊ីស្រាអែល ទ្រង់លក់គេទៅក្នុងកណ្តាប់ដៃនៃគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះអស់៨ឆ្នាំ
ទ្រង់ក៏លក់គេទៅក្នុងកណ្តាប់ដៃនៃយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅហាសោរ ស្តេចនោះមានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលនៅហារ៉ូសែត-កូយីម