1 ពេលនោះស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងទីងងឹត! 2 ខ្ញុំបានសង់ម៉ាស្ជិទដ៏ថ្កុំថ្កើងនេះ ទុកជាដំណាក់ជូនទ្រង់នៅអស់កល្បជានិច្ច!»។ សេចក្តីថ្លែងការណ៍របស់ណាពីស៊ូឡៃម៉ាន3 ស្តេចបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ 4 ស្តេចមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់សំដែងអំណាច ដើម្បីសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះស្តេចទត ជាឪពុករបស់ខ្ញុំ។ ទ្រង់មានបន្ទូលដូចតទៅ: 5 “តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយទុក ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងដែរ 6 គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។ 7 ស្តេចទតជាឪពុករបស់ខ្ញុំ មានបំណងសង់ម៉ាស្ជិទមួយ សម្រាប់នាមរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ 8 ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចទតជាឪពុករបស់ខ្ញុំថា “អ្នកមានបំណងសង់ដំណាក់សម្រាប់នាមយើងដូច្នេះ ជាការប្រសើរណាស់ 9 តែមិនមែនអ្នកទេដែលនឹងសង់ដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ដំណាក់សម្រាប់នាមយើង”។ 10 អុលឡោះតាអាឡាបានសម្រេចតាមបន្ទូលសន្យារបស់ទ្រង់ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ស្តេចទត ជាឪពុករបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំក៏បានសង់ដំណាក់នេះសម្រាប់នាមអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលដែរ។ 11 ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា នៅក្នុងដំណាក់នេះ គឺសម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយជនជាតិអ៊ីស្រអែល»។ ពាក្យទូរអារបស់ណាពីស៊ូឡៃម៉ាន12 ស្តេចឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ស្តេចលើកដៃឡើងលើ។ 13 ស្តេចស៊ូឡៃម៉ានបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្តាលទីលានដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកំពស់បីហត្ថ។ ស្តេចឡើងនៅលើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ហើយលើកដៃឡើងទៅលើមេឃទូរអាថា៖ 14 «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាមួយដូចទ្រង់ឡើយ។ ទ្រង់រក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអ្នកបម្រើរបស់ទ្រង់ ដែលដើរនៅចំពោះទ្រង់ ដោយស្មោះអស់ពីចិត្ត។ 15 ទ្រង់ប្រោសប្រណីដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ និងជាឪពុករបស់ខ្ញុំ ស្របតាមបន្ទូលសន្យារបស់ទ្រង់។ ថ្ងៃនេះទ្រង់សម្រេចតាមបន្ទូលសន្យា ដោយសារអំណាចរបស់ទ្រង់។ 16 អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! ឥឡូវនេះសូមទ្រង់ប្រោសប្រណីដល់អ្នកបម្រើទ្រង់ គឺស្តេចទត ជាឪពុករបស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់បានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមហ៊ូកុំរបស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រអែល នៅចំពោះមុខយើងជានិច្ច”។ 17 អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ ឥឡូវនេះសូមសម្រេចតាមបន្ទូលដែលទ្រង់សន្យាជាមួយស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ផង។ 18 តើអុលឡោះនៅលើផែនដី ជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមជូនទ្រង់នៅផង ចុះទំរាំបើដំណាក់ដែលខ្ញុំសង់ជូននេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! 19 អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ សូមស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ហើយសូមទ្រង់ស្តាប់សំរែក និងពាក្យទូរអារបស់ខ្ញុំនៅថ្ងៃនេះផង! 20 សូមមើលមកដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលទ្រង់មានបន្ទូលថា ជាកន្លែងសម្រាប់នាមរបស់ទ្រង់។ សូមទ្រង់ស្តាប់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះផង! 21 កាលខ្ញុំជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់ស្តាប់ពាក្យទូរអាទាំងប៉ុន្មានរបស់យើងខ្ញុំផង។ អុលឡោះតាអាឡាដែលនៅសូរ៉កាអើយ សូមមេត្តាស្តាប់ពាក្យទូរអារបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!។ 22 កាលណាមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំឲ្យអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈ ក្នុងដំណាក់របស់ទ្រង់ 23 សូមទ្រង់ដែលនៅសូរ៉កាស្តាប់ ហើយរកយុត្តិធម៌ឲ្យអ្នកបម្រើរបស់ទ្រង់។ សូមធ្វើទោសអ្នកដែលប្រព្រឹត្តខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមចិត្តសុចរិតរបស់ទ្រង់។ 24 កាលណាអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកទ្រង់ និងសរសើរតម្កើងនាមទ្រង់ ព្រមទាំងទូរអា និងអង្វរទ្រង់ក្នុងដំណាក់នេះ 25 សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយលើកលែងទោសអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលទ្រង់ប្រទានដល់ដូនតារបស់គេវិញ។ 26 កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយទ្រង់ធ្វើទារុណកម្មពួកគេ ប្រសិនបើពួកគេទូរអាអង្វរឆ្ពោះមកទីនេះ រួចសរសើរតម្កើងនាមទ្រង់ និងលះបង់អំពើបាប 27 សូមទ្រង់ដែលនៅសូរ៉កាស្តាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ទ្រង់ គឺអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យបានរួចពីបាបផង។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើស្រុករបស់ទ្រង់ គឺស្រុកដែលទ្រង់ប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ ទុកជាកេរមត៌ក។ 28 កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ 29 ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សា និងឈឺចុកចាប់ រួចទូរអា និងអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់ 30 សូមទ្រង់ដែលនៅសូរ៉កា ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកយ៉ាងច្បាស់។ 31 ធ្វើដូច្នេះ ពួកគេនឹងគោរពកោតខ្លាចទ្រង់ ព្រមទាំងដើរក្នុងមាគ៌ារបស់ទ្រង់រហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលទ្រង់ប្រទានឲ្យដូនតារបស់ពួកគេ។ 32 សូម្បីតែជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រអែល មកពីស្រុកឆ្ងាយ ព្រោះតែនាមដ៏ឧត្តុង្គឧត្តម ព្រមទាំងអំណាច និងតេជានុភាពរបស់ទ្រង់ ប្រសិនបើគេមកអង្វរទ្រង់ក្នុងដំណាក់នេះ 33 សូមទ្រង់ដែលនៅសូរ៉កា ស្តាប់ និងប្រោសប្រទាន តាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះសូមពីទ្រង់ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់នាមរបស់ទ្រង់ ហើយគោរពកោតខ្លាចទ្រង់ ដូចជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ដែរ។ ពួកគេនឹងទទួលស្គាល់ថា ដំណាក់ដែលខ្ញុំសង់នេះ ពិតជាកន្លែងដែលទ្រង់នៅមែន។ 34 កាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ទ្រង់ រួចទូរអាអង្វរទ្រង់ឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ ដែលខ្ញុំបានសង់ជូននាមរបស់ទ្រង់ 35 សូមទ្រង់ដែលនៅសូរ៉កា ស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ 36 កាលណាជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះ ទ្រង់ខឹងនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយ ទោះបីឆ្ងាយ ឬជិតក្តី 37 ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកទ្រង់វិញ ហើយទូរអាអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។ 38 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយ នោះប្រសិនបើពួកគេវិលមករកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូរអាអង្វរទ្រង់ ឆ្ពោះមកស្រុកដែលទ្រង់ប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់សម្រាប់នាមរបស់ទ្រង់ 39 សូមទ្រង់ដែលនៅសូរ៉កាស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ទ្រង់ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់។ 40 អុលឡោះជាម្ចាស់នៃខ្ញុំ ឥឡូវនេះសូមទ្រង់មើលមកខ្ញុំ! សូមទ្រង់ស្តាប់ពាក្យដែលយើងខ្ញុំទូរអា នៅទីនេះផង។ 41 អុលឡោះតាអាឡាជាម្ចាស់អើយ! ឥឡូវនេះសូមក្រោកឡើង សូមមកជាមួយហិបនៃអំណាច របស់ទ្រង់ ហើយនៅក្នុងទីសម្រាករបស់ទ្រង់ រហូតតទៅ។ អុលឡោះតាអាឡាអើយ សូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយ ពួកបម្រើរបស់ទ្រង់ ដូចសម្លៀកបំពាក់ ហើយសូមឲ្យប្រជារាស្ត្ររបស់ទ្រង់ ជួបប្រទះតែនឹងសុភមង្គល! 42 ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបោះបង់ចោលស្តេចដែលទ្រង់បាន ចាក់ប្រេងតែងតាំងនេះឡើយ សូមនឹកដល់ភក្តីភាពរបស់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់!»។ |
© 2014 United Bible Societies, UK.
United Bible Societies