Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 5 - អាល់គីតាប

1 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ស្តេច​ទត​ជា​ឪពុក​បាន​ញែក​ជូនអុលឡោះ‌តាអាឡា​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​ទ្រង់។


ហិប​សម្ពន្ធ‌មេត្រី​តម្កល់​ក្នុង​ដំណាក់

2 គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន មក​ដំណាក់​របស់​អុលឡោះ។

3 ពេល​នោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​មក​ជួប​ស្តេច ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៅ​ខែ​ទី​ប្រាំ​ពីរ។

4 កាល​អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​អញ្ជើញ​មក​ដល់​ហើយ ពួក​លេវី​ក៏​នាំ​គ្នា​សែង​ហិប។

5 ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​មក​ជា​មួយ​ដែរ ពួក​អ៊ីមុាំ​ពី​កុល‌សម្ព័ន្ធ​លេវី​ជា​អ្នក​សែង។

6 ស្តេច​ស៊ូឡៃ‌ម៉ាន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ស្តេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា​ធ្វើ​ជា​គូរបាន។

7 ពួក​អ៊ីមុាំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទី‌សក្ការៈ​របស់​ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។

8 ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

9 ឈើ​ស្នែង​ទាំង​នោះ​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​វា​ពី​ទី‌សក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

10 ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

11 ពួក​អ៊ីមុាំ​ក៏​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ។ ពួក​អ៊ីមុាំ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។

12 រីឯ​ពួក​លេវី​ជា​អ្នក​ចំរៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បង​ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​អ៊ីមុាំ​មួយ​រយ​ម្ភៃ​នាក់ ឈរ​នៅ​ជា​មួយ​ក្រុម​ចំរៀង ទាំង​ផ្លុំ​ត្រែ​ផង។

13 ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចំរៀង​នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើងអុលឡោះ‌តាអាឡា។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចំរៀង​នាំ​គ្នា​ច្រៀង​សរសើរអុលឡោះ‌តាអាឡា ដោយ​ពាក្យ​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​ល្អ​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

14 ដោយ‌សារ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម