Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 7 - អាល់គីតាប


គូរបាន​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

1 កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទូរអា​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់។

2 ពួក​អ៊ីមុាំ​ពុំ​អាច​ចូល​ទៅ​ក្នុង​ដំណាក់​បាន​ទេ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។

3 ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​ទ្រង់​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

4 ស្តេច និង​ប្រជា‌ជន​ទាំង​មូល​បាន​ធ្វើ​គូរបាន នៅ​ចំពោះអុលឡោះ‌តាអាឡា។

5 ស្តេច​ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ដំណាក់​របស់​អុលឡោះហើយ​ក្នុង​ឱកាស​នោះ ស្តេច​បាន​ធ្វើ​គូរបាន គឺ​មាន​គោ ២២ ០០០ ក្បាល និង​ចៀម ១២០ ០០០ ក្បាល។

6 អ៊ីមុាំ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ស្តេច​ទត​បាន​ធ្វើ ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ពេល​ស្តេច​ចាត់​ក្រុម​លេវី ឲ្យ​ច្រៀង​សរសើរ​អុលឡោះ​ថា «ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ»។ ក្រុម​អ៊ីមុាំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។

7 ស្តេច​ស៊ូឡៃ‌ម៉ាន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត និង​ខ្លាញ់​របស់​សត្វ ដែល​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្តេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។

8 ក្នុង​ឱកាស​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រារព្ធ​ពិធី​បុណ្យ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​បន្ត​ទៀត រួម​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។

9 នៅ​ថ្ងៃ​ទី​ប្រាំ​បី​អង្គ​ប្រជុំ​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​ឆ្លង​អាសនៈ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ហើយ​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​ទៀត។

10 នៅ​ថ្ងៃ​ទី​ម្ភៃ​បី នៃ​ខែ​ទី​ប្រាំ​ពីរ ស្តេច​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ​ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ព្រម​ទាំង​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​ណាពី​ស៊ូឡៃ‌ម៉ាន​ឃើញ​ជា​ថ្មី

11 កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា រាជ​វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​បំណង​ធ្វើ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​រាជ​វាំង​ចប់​សព្វ​គ្រប់​ហើយ

12 អុលឡោះ‌តាអាឡា​មក​ជួប​គាត់​នៅ​ពេល​យប់ ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​ទូរអា​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស​រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សម្រាប់​ធ្វើ​គូរបាន។

13 កាល​ណា​យើង​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង កាល​ណា​យើង​បញ្ជា​ឲ្យ​កណ្ដូប​មក​ស៊ី​បំផ្លាញ​ស្រុក ឬ​ចាត់​ជំងឺ​រាត​ត្បាត​មក​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង

14 ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​យើង​ផ្ទាល់ ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្តាប់​គេ​ពី​សូរ៉កា យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។

15 ពី​ពេល​នេះ​ទៅ​យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ដែល​គេ​ទូរអា​នៅ​ទី​នេះ។

16 យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ ទុក​សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​ថែ​រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជា‌និច្ច។

17 រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ស្តេច​ទត​ជា​ឪពុក​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​យើង

18 យើង​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ទត ជា​ឪពុក​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។។

19 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ដែល​យើង​ប្រគល់​ឲ្យ​ទេ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ

20 យើង​នឹង​ដក​អ្នក​រាល់​គ្នា ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់​ដែល​យើង​ញែក​ទុក​សម្រាប់​នាម​យើង​នេះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ និង​ចំអក​ឲ្យ។

21 មនុស្ស‌ម្នា​ដែល​ធ្លាប់​តែ​ឃើញ​ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពេល​ពួក​គេ​ដើរ​កាត់​តាម​នោះ ពួក​គេ​នឹង​ស្រឡាំង​កាំង​ពោល​ថា: “ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ និង​ដំណាក់​នេះ?”។

22 គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា: “មក​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ គឺ​ម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ បាន​ជា​អុលឡោះ​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ដូច្នេះ”»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម