ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 16 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 16

សង្គ្រាម​រវាង​ស្តេច​អេ‌សា និង​ស្តេច​បាសា ស្តេច​ស្រុក​អ៊ីស្រ‌អែល

1 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​មួយ នៃ​រជ្ជ‌កាល​ស្តេច​អេ‌សា ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ស្តេច​អេ‌សា ជា​ស្តេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។

2 ស្តេច​អេ‌សា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​ឃ្លាំង​រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ជូន​ស្តេច​បេនហា‌ដាដាឌ​ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​មាន​ប្រសាសន៍​ថា៖

3 «ខ្ញុំ​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្តេច ដូច​ឪពុក​របស់​ខ្ញុំ​បាន​ចង​ជា​មួយ​ឪពុក​របស់​ស្តេច​ដែរ។ ខ្ញុំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ជូន​ស្តេច។ សូម​ស្តេច​ផ្តាច់​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្តេច​នោះ​ឡើង​មក​វាយ​ខ្ញុំ​ទៀត»។

4 ស្តេច​បេន‌ហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ស្តេច​អេ‌សា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រ‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-ម៉ែម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែប‌ថាលី។

5 កាល​ស្តេច​បាសា​ជ្រាប​ពី​ដំណឹង​នេះ គាត់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​គាត់​ផ្អាក​កិច្ចការ​ទាំង​អស់។

6 ពេល​នោះ ស្តេច​អេ‌សា​បាន​កេណ្ឌ​ជន‌ជាតិ​យូដា​ទាំង​មូល ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ​ដែល​ស្តេច​បាសា​ប្រើ​ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីស‌ប៉ា។

ស្តេច​អេ‌សា​ឃុំ‌ឃាំង​ណាពី​ហាណា‌នី

7 នៅ​គ្រា​នោះ​លោក​ហាណា‌នី​ជា​អ្នក​ទាយ ចូល​ទៅ​ជួប​ស្តេច​អេ‌សា​ស្តេច​ស្រុក​យូដា​ជម្រាប​ថា៖ «ដោយ​ស្តេច​ពឹង​ផ្អែក​លើ​ស្តេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទេ​នោះ កង‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច។

8 កាល​ជន‌ជាតិ​អេត្យូ‌ពី និង​ជន‌ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព​រទេះ​ចំបាំង និង​ទ័ព​សេះ​ច្រើន​ឥត​គណនា​ក្តី ក៏អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ដែរ ដ្បិត​ស្តេច​បាន​ពឹង​ផ្អែក​លើ​ទ្រង់។

9 អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។

10 ស្តេច​អេ‌សា​ខឹង​នឹង​អ្នក​ទាយ​ជា​ខ្លាំង ស្តេច​ក៏​ឲ្យ​គេ​យក​គាត់​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ស្តេច​ខឹង។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ស្តេច​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។

ស្តេច​អេ‌សា​ស្លាប់

11 កិច្ចការ​ផ្សេងៗ​របស់​ស្តេច​អេ‌សា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

12 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន នៃ​រជ្ជ‌កាល​របស់​ស្តេច គាត់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ជើង ប៉ុន្តែ ទោះ​បី​គាត់​ឈឺ​យ៉ាង​នេះ​ក្តី ក៏​គាត់​ពុំ​បាន​ទូរអា‌អង្វរ​សូមអុលឡោះ‌តាអាឡា​ជួយ​ដែរ គឺ​គាត់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

13 ស្តេច​អេ‌សា​ស្លាប់ ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្តេច។

14 គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​គាត់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ស្តេច​ទត។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។

© 2014 United Bible Societies, UK.

United Bible Societies