ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 7 - អាល់គីតាប អាល់គីតាប
អេសាយ 7

ណាពី​អេសាយ​ទៅ​ជួប​ស្ដេច​អេហាស

1 នៅ​គ្រា​ដែល​ស្តេច​អេហាស ជា​បុត្រ​របស់​ស្តេច​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ស្តេច​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ស្តេច​ពេកា ជា​បុត្រ​របស់​ស្តេច​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សំរុក​ចូល​បាន​ឡើយ។

2 មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​រាជ‌វង្ស​របស់​ស្តេច​ទត​ថា ជន‌ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រា‌អ៊ីម។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ស្តេច​អេហាស និង​ប្រជា‌រាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។

3 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ​ថា៖ «ចូរ​នាំ​ស្អា-‌យ៉ាស៊ូប ជា​កូន​ប្រុស​របស់​អ្នក​ទៅ​ជួប​ស្ដេច​អេហាស នៅ​ក្បែរ​ស្រះ​ផ្នែក​ខាង​លើ ត្រង់​ក្បាល​ប្រឡាយ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

4 ត្រូវ​ជម្រាប​ស្ដេច​ថា សូម​ស្តេច​កុំ​ខ្វល់​ចិត្ត កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង ជិត​រលត់។

5 ស្ដេច​ស្រុក​ស៊ីរី​បាន​ពួត‌ដៃ​ជា​មួយ​ពួក​អេប្រា‌អ៊ីម និង​ស្ដេច​អ៊ីស្រ‌អែល ប្រឆាំង​ស្តេច ដោយ​ពោល​ថា:

6 “យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀល ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។

7 ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: “ពួក​គេ​មិន​អាច​សម្រេច​ការ​ទាំង​នេះ​បាន​ទេ ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។

8 ក្រុង​ដាម៉ាស​ជា​រាជ​ធានី​របស់​ស្រុក​ស៊ីរី ស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។ ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀត អេប្រា‌អ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ លែង​មាន​ឈ្មោះ​ថា​ប្រជា‌ជន​ទៀត​ហើយ។

9 ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រា‌អ៊ីម ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង យ៉ាង​ខ្ជាប់‌ខ្ជួន​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ យ៉ាង​ខ្ជាប់‌ខ្ជួន​បាន​ឡើយ”»។

10 អុលឡោះ‌តាអាឡា​ចាត់​អេសាយ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អេហាស​សា​ជា​ថ្មី​ថា៖

11 «ស្តេច​ត្រូវ​សុំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិត​ជា​នៅ​ជា​មួយ​ស្តេច»។

12 ស្តេច​អេហាស​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បង‌លអុលឡោះ‌តាអាឡា​ឡើយ!»។

13 ពេល​នោះ ណាពី​អេសាយ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​រាជ‌វង្ស​របស់​ស្តេច​ទត សូម​ស្តេច​ស្តាប់​ខ្ញុំ! ស្តេច​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ ណាយ​ចិត្ត​ទៀត​ផង។

14 ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។

15 បុត្រ​នោះ​នឹង​ពិសា​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។

16 ប៉ុន្តែ មុន​ពេល​បុត្រ​នោះ ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ស្តេច នឹង​ត្រូវ​គេ​បោះ​បង់​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។

17 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ស្តេច ព្រម​ទាំង​ប្រជា‌រាស្ត្រ និង​រាជ‌វង្ស ជួប​ប្រទះ​នឹង​សភាព‌ការណ៍​ផ្សេងៗ ព្រោះ​តែ​ស្ដេច​របស់​ជន‌ជាតិ​អាស្ស៊ីរី គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម បាន​បែក​ចេញ​ពី​ប្រជា‌ជាតិ​យូដា​មក មិន​ដែល​មាន​សភាព‌ការណ៍​បែប​នេះ​ទេ។

18 នៅ​គ្រា​នោះអុលឡោះ‌តាអាឡា​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី

19 ឲ្យ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំ តាម​ក្រហែង​ថ្ម​ទាំង‌ឡាយ ព្រម​ទាំង​នៅ​តាម​គុម្ពោត និង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។

20 នៅ​គ្រា​នោះ​អុលឡោះ‌តាអាឡា​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ។

21 នៅ​គ្រា​នោះ​ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ និង​ពពែ​ញី​ពីរ​ក្បាល

22 ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។

23 នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មាន ទំពាំង‌បាយជូរ​មួយ​ពាន់​ដើម តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។

24 ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។

25 ចំណែក​ឯ​នៅ​តាម​ភ្នំ ដែល​ពី​មុន​គេ​ធ្លាប់​តែ​កាប់​គាស់ បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់ គេ​ទុក​ឲ្យ​គោ និង​ហ្វូង​ចៀម ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។

© 2014 United Bible Societies, UK.

United Bible Societies