1 នៅថ្ងៃនោះ អុលឡោះតាអាឡានឹងប្រើ ដាវដ៏ធំ ហើយមុត និងប្រកបដោយអំណាច ដើម្បីដាក់ទោសពស់ដ៏កំសាក ហើយមានកលល្បិច ទ្រង់នឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។ ចម្ការទំពាំងបាយជូររបស់អុលឡោះ2 នៅថ្ងៃនោះ ចូរនាំគ្នាបន្លឺសំឡេងច្រៀង អំពីចម្ការទំពាំងបាយជូរ ដែលផ្ដល់ស្រាដ៏មានរសជាតិឆ្ងាញ់ពិសា។ 3 អុលឡោះតាអាឡាមានបន្ទូលថា៖ យើងថែរក្សាចម្ការទំពាំងបាយជូរ យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។ យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។ 4 យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកំទេចចោលទៀតផង។ 5 បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។ 6 នៅអនាគតកាល ពូជពង្សរបស់យ៉ាកកូប នឹងចាក់ឫស ពូជពង្សរបស់អ៊ីស្រអែល នឹងមានពន្លកដុះចេញមក រួចមានផ្កា មានផ្លែពាសពេញលើផែនដី។ 7 តើអុលឡោះតាអាឡាបានវាយប្រជារាស្ត្ររបស់ទ្រង់ ដូចទ្រង់វាយអស់អ្នក ដែលបានវាយពួកគេឬទេ? តើទ្រង់ប្រហារជីវិតពួកគេ ដូចទ្រង់ប្រហារជីវិតអស់អ្នក ដែលបានសម្លាប់ពួកគេឬទេ?។ 8 ទេ! អុលឡោះតាអាឡាដាក់ទោសប្រជារាស្ត្រ របស់ទ្រង់ ដោយនិរទេសពួកគេ គឺទ្រង់បានបណ្ដេញពួកគេ ដោយសារខ្យល់បក់បោកយ៉ាងខ្លាំង ពីបូព៌ាប្រទេស។ 9 ដោយអុលឡោះលើកលែងទោសឲ្យ កូនចៅរបស់យ៉ាកកូបរួចពីបាប ពួកគេនឹងកំទេចថ្មអាសនៈ របស់ព្រះក្លែងក្លាយឲ្យខ្ទេច ដូចថ្មកំបោរដែលគេកំទេចឲ្យទៅជាធូលីដី ព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងជូនសក្ការបូជាដល់ព្រះទាំងនោះ។ 10 ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។ 11 ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។ 12 នៅថ្ងៃនោះ អុលឡោះតាអាឡានឹងបោកបែនស្រូវ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះស្រុកអេស៊ីប ជនជាតិអ៊ីស្រអែលអើយ នៅពេលនោះ ទ្រង់នឹងប្រមូល អ្នករាល់គ្នាម្ដងមួយៗ។ 13 នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប នឹងនាំគ្នាវិលត្រឡប់មកវិញ គេនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។ |
© 2014 United Bible Societies, UK.
United Bible Societies