ការតែងតាំងក្រុមអ៊ីមុាំដំបូងបង្អស់ ពិធីតែងតាំងអ៊ីមុាំ1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ 3 រួចប្រមូលសហគមន៍អ៊ីស្រអែលទាំងមូល ឲ្យមកជួបជុំគ្នា នៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា»។ 4 ម៉ូសាធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា គឺគាត់ប្រមូលជនជាតិអ៊ីស្រអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារជំរំជួបអុលឡោះតាអាឡា។ 5 គាត់ប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែលអុលឡោះតាអាឡាបង្គាប់ឲ្យធ្វើ»។ 6 គាត់នាំហារូន និងកូនៗមក ហើយយកទឹកធ្វើពិធីជម្រះកាយឲ្យពួកគេ។ 7 គាត់ពាក់អាវវែងជូនហារូនយកខ្សែក្រវាត់មកក្រវាត់ចង្កេះពាក់អាវធំ ហើយអាវអេផូដពីលើ ព្រមទាំងចងខ្សែអេផូដផង។ 8 គាត់យកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនហារូន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម។ 9 គាត់ពាក់ឆ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឆ្នួតនោះ ជូនហារូន ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ 10 ម៉ូសាយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកជំរំសក្ការៈ និងវត្ថុទាំងអស់នៅក្នុងជំរំទុកជាសក្ការៈ។ 11 គាត់ប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈគ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។ 12 គាត់ចាក់ប្រេងលើក្បាលហារូន ដើម្បីញែកលោកឲ្យបានបរិសុទ្ធ។ 13 ម៉ូសាបាននាំកូនៗរបស់ហារូនចូលមក ហើយគាត់ពាក់អាវវែងឲ្យពួកគេ រួចក្រវាត់ខ្សែក្រវាត់ និងពាក់ឆ្នួតក្បាលឲ្យពួកគេ ស្របតាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 14 ម៉ូសានាំគោបាសម្រាប់ធ្វើគូរបានរំដោះបាបចូលមក ហើយហារូន និងកូនៗដាក់ដៃលើក្បាលគោបានោះ។ 15 ម៉ូសាអារកគោយកឈាមវា រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ។ គាត់យកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។ 16 គាត់យកខ្លាញ់ទាំងអស់ដែលនៅជាប់ពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀន មកដុតនៅលើអាសនៈ។ 17 រីឯស្បែកគោសាច់ និងលាមក គាត់យកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 18 គាត់នាំចៀមឈ្មោលសម្រាប់ធ្វើគូរបានដុតចូលមក ហើយហារូន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ 19 ម៉ូសាអារកចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 20 ម៉ូសាកាប់ចៀមជាដុំៗ រួចដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់ផង។ 21 គាត់យកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា ស្របតាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 22 គាត់នាំចៀមឈ្មោលទីពីរចូលមក គឺចៀមសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ។ ហារូន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ 23 ម៉ូសាអារកចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្តាំមេដៃស្តាំ និងមេជើងស្តាំរបស់ហារូន។ 24 បន្ទាប់មក គាត់ក៏នាំកូនៗហារូនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ពួកគេ។ គាត់ប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 25 គាត់យកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលនៅជាប់ពោះវៀន អ្វីៗដែលនៅជាប់នឹងថ្លើមក្រលៀនទាំងពីរ ខ្លាញ់ដែលនៅជាប់ក្រលៀន និងភ្លៅស្តាំ 26 រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះអុលឡោះតាអាឡា នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀបទៅដាក់នៅលើខ្លាញ់ និងភ្លៅស្តាំ។ 27 ម៉ូសាយកជំនូនទាំងអស់នោះដាក់លើដៃហារូន និងកូនៗ រួចបង្គាប់ឲ្យពួកគេលើកជំនូននោះជូនអុលឡោះតាអាឡា។ 28 បន្ទាប់មក គាត់ទទួលជំនូនពីដៃរបស់ពួកគេយកទៅដុតលើអាសនៈ ពីលើគូរបានដុត។ នេះជាគូរបានសម្រាប់តែងតាំងអ៊ីមុាំ ជាគូរបានដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 29 ម៉ូសាយកសាច់ទ្រូងរបស់ចៀម ដែលជាគូរបានសម្រាប់តែងតាំងអ៊ីមុាំ លើកជូនអុលឡោះតាអាឡា។ សាច់នេះត្រូវបានជាចំណែករបស់គាត់ ស្របតាមសេចក្តីដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 30 ម៉ូសាយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈប្រោះលើហារូន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់ហារូន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះគាត់ញែកហារូន និងកូនប្រុសរបស់គាត់រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាបរិសុទ្ធ។ 31 ម៉ូសាពោលទៅកាន់ហារូន និងកូនៗរបស់គាត់ថា៖ «ចូរចំអិនសាច់នៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា អ្នករាល់គ្នា ត្រូវបរិភោគនៅកន្លែងនោះជាមួយនំបុ័ងនៅក្នុងល្អី ដែលប្រើសម្រាប់ពិធីតែងតាំងជាអ៊ីមុាំ ដូចខ្ញុំបានបង្គាប់ឲ្យអ្នករាល់គ្នាបរិភោគ។ 32 សាច់ និងនំបុ័ងដែលនៅសល់ត្រូវដុតចោល។ 33 អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។ 34 អុលឡោះតាអាឡាផ្ទាល់បញ្ជាឲ្យធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។ 35 អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះអ្នករាល់គ្នានៅបម្រើអុលឡោះតាអាឡាដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីទ្រង់»។ 36 ហារូន និងកូនប្រុសរបស់គាត់ធ្វើតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា។ |
© 2014 United Bible Societies, UK.
United Bible Societies