លេវីវិន័យ 7 - អាល់គីតាបការធ្វើគូរបានលោះបាប 1 «នេះជាហ៊ូកុំស្តីអំពីគូរបានលោះបាប គឺជាគូរបានបរិសុទ្ធបំផុត។ 2 ចូរអារកសត្វដែលត្រូវធ្វើជាគូរបានលោះបាប នៅកន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3 គេជូនខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលនៅជាប់ពោះវៀន 4 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 5 អ៊ីមុាំដុតចំណែកទាំងនោះលើអាសនៈជាគូរបានដុត នៅចំពោះអុលឡោះតាអាឡា។ នេះជាគូរបានលោះបាប។ 6 ក្នុងក្រុមគ្រួសាររបស់អ៊ីមុាំមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។ 7 ហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានលោះបាប ក៏ដូចហ៊ូកុំស្តីអំពីគូរបានរំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីរំដោះបាប»។ ចំណែកនៃជំនូនដែលត្រូវបានទៅអ៊ីមុាំ 8 «ប្រសិនបើអ៊ីមុាំធ្វើគូរបានដុតរបស់នរណាម្នាក់ ស្បែកសត្វដែលគេជូន នោះត្រូវបានជាចំណែករបស់អ៊ីមុាំ។ 9 ជំនូនម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីនោះ។ 10 រីឯជំនូនម្សៅទាំងប៉ុន្មានដែលលាយជាមួយប្រេង ឬមិនទាន់លាយក្តីត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់ហារូន»។ ការធ្វើគូរបានមេត្រីភាព 11 «នេះជាហ៊ូកុំស្តីអំពីគូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា។ 12 ប្រសិនបើនរណាម្នាក់ជូនជំនូនសម្រាប់សំដែងការអរគុណត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកជូនជាមួយគូរបានសម្រាប់អរគុណ។ 13 គេត្រូវយកនំបុ័ងដែលមានមេមកជូន រួមជាមួយគូរបានមេត្រីភាពសម្រាប់អរគុណដែរ។ 14 ត្រូវរំលែកនំដែលគេយកមកជូន ក្នុងមួយប្រភេទយកនំមួយៗ ទុកសម្រាប់អុលឡោះតាអាឡាគឺជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីប្រោះឈាមសត្វធ្វើជាគូរបានមេត្រីភាព។ 15 រីឯសាច់សត្វដែលគេធ្វើជាគូរបានមេត្រីភាពសម្រាប់អរគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។ 16 ប្រសិនបើគូរបានដែលគេយកមកជូនជាជំនូនលាបំណន់ ឬជាជំនូនស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលធ្វើជាគូរបាននៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកបានដែរ។ 17 ប៉ុន្តែ បើមានសាច់នៃគូរបាននេះនៅសល់រហូតដល់ថ្ងៃទីបី គេត្រូវតែដុតវា។ 18 នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានធ្វើជាគូរបានមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ អុលឡោះតាអាឡាមិនព្រមទទួលគូរបានរបស់គេទេ ព្រោះជាគូរបានឥតបានការ ហើយជាសាច់សៅហ្មង។ 19 ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនហាឡាល់ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះទើបអាចបរិភោគសាច់នៃគូរបានបាន។ 20 ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃគូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា ត្រូវតែបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ 21 រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនហាឡាល់ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើមរួចបរិភោគសាច់របស់គូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា ក៏ត្រូវតែបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។ ហ៊ូកុំសម្រាប់ប្រជាជន 22 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 23 «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។ 24 រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បានតែមិនត្រូវបរិភោគឡើយ។ 25 ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានធ្វើជាគូរបានជូនអុលឡោះតាអាឡា ត្រូវបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ 26 ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។ 27 អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។ 28 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 29 «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “ប្រសិនបើនរណាម្នាក់ធ្វើគូរបានមេត្រីភាព គេត្រូវយកចំណែករបស់អុលឡោះតាអាឡាជូនអុលឡោះ។ 30 គេត្រូវយកគូរបានដុតដែលជាចំណែករបស់អុលឡោះតាអាឡា មកជូនទ្រង់ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូងដែលត្រូវលើកជូនអុលឡោះ។ 31 អ៊ីមុាំដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅហារូន និងកូនៗរបស់គាត់។ 32 ត្រូវរំលែកភ្លៅស្តាំរបស់សត្វដែលអ្នករាល់គ្នាធ្វើជាគូរបានមេត្រីភាពនោះ ជូនទៅអ៊ីមុាំផងដែរ។ 33 ភ្លៅស្តាំនេះត្រូវបានជាចំណែករបស់អ៊ីមុាំណាដែលជូនខ្លាញ់ និងឈាមនៅលើអាសនៈ។ 34 យើងនឹងយកសាច់ទ្រូងដែលគេលើកជូន និងភ្លៅដែលគេរំលែកពីគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែលប្រគល់ឲ្យអ៊ីមុាំហារូន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រអែលត្រូវប្រគល់ចំណែកទាំងនេះជូនអ៊ីមុាំ រហូតតរៀងទៅ។ 35 នេះជាចំណែកនៃគូរបានដែលត្រូវបានទៅហារូន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា។ 36 អុលឡោះតាអាឡាបង្គាប់ជនជាតិអ៊ីស្រអែលឲ្យប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំ។ នេះជាហ៊ូកុំដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលបានឡើយ»។ 37 នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។ 38 អុលឡោះតាអាឡាប្រគល់ហ៊ូកុំទាំងនេះមកម៉ូសានៅភ្នំស៊ីណៃ នាថ្ងៃដែលទ្រង់បង្គាប់ឲ្យជនជាតិអ៊ីស្រអែលយកជំនូនមកជូនអុលឡោះនៅវាលរហោស្ថានស៊ីណៃ។ |
© 2014 United Bible Societies, UK.
United Bible Societies