ជំនូនដែលមិនអាចបរិភោគបាន1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ 2 «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគជំនូនបរិសុទ្ធ ដែលជនជាតិអ៊ីស្រអែលជូនដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាអុលឡោះតាអាឡា។ 3 ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់ជំនូនបរិសុទ្ធដែលជនជាតិអ៊ីស្រអែលជូនដល់អុលឡោះតាអាឡា ត្រូវដកអ្នកនោះកុំឲ្យបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាអុលឡោះតាអាឡា។ 4 ក្នុងចំណោមពូជពង្សរបស់ហារូន អ្នកកើតឃ្លង់ ឬជំងឺកាមរោគមិនអាចបរិភោគអាហារហាឡាល់បានទេ គឺលុះត្រាណាតែគេបានជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគបានដែរ។ 5 អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្តាលឲ្យខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។ 6 អ្នកដែលប៉ះពាល់មនុស្ស ឬសត្វមិនហាឡាល់បែបនេះ ត្រូវនៅមិនបរិសុទ្ធរហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារហាឡាល់ទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ 7 លុះថ្ងៃលិចផុតទៅទើបគេបានបរិសុទ្ធ ហើយអាចបរិភោគជំនូនបរិសុទ្ធជាអាហាររបស់ខ្លួនបាន។ 8 អ៊ីមុាំមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃខាំឡើយ ដើម្បីកុំឲ្យខ្លួនត្រូវសៅហ្មង ព្រោះតែសត្វនោះ។ យើងជាអុលឡោះតាអាឡា។ 9 អ៊ីមុាំត្រូវប្រតិបត្តិតាមឱវាទរបស់យើង ដើម្បីកុំឲ្យខ្លួនមានទោស ហើយស្លាប់ ព្រោះតែរំលោភលើឱវាទរបស់យើង ស្តីអំពីអាហារ។ យើងជាអុលឡោះតាអាឡាដែលញែកពួកគេឲ្យបានបរិសុទ្ធ។ 10 មិនត្រូវឲ្យអ្នកផ្សេង ក្រៅពីក្រុមគ្រួសាររបស់អ៊ីមុាំបរិភោគអាហារហាឡាល់ឡើយ សូម្បីតែភ្ញៀវ ឬអ្នកធ្វើការឲ្យអ៊ីមុាំ ក៏គ្មានសិទ្ធិបរិភោគអាហារហាឡាល់ដែរ។ 11 ផ្ទុយទៅវិញ អ្នកបម្រើដែលអ៊ីមុាំបានទិញមក មានសិទ្ធិបរិភោគ ដូចអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់អ៊ីមុាំដែរ។ 12 កូនស្រីរបស់អ៊ីមុាំដែលរៀបការជាមួយអ្នកមិនមែនជាអ៊ីមុាំ គ្មានសិទ្ធិបរិភោគអាហារដែលយកពីជំនូនបរិសុទ្ធបានឡើយ។ 13 ប៉ុន្តែ កូនស្រីរបស់អ៊ីមុាំដែលជាស្ត្រីមេម៉ាយ ឬត្រូវប្ដីលែង ហើយគ្មានកូនចៅទេ ពេលនាងវិលត្រឡប់ទៅនៅជាមួយឪពុកវិញ ដូចគ្រានៅពីក្មេង នាងមានសិទ្ធិបរិភោគម្ហូបអាហាររបស់ឪពុកនាងបាន។ រីឯអ្នកក្រៅ គ្មានសិទ្ធិបរិភោគម្ហូបអាហារនេះឡើយ។ 14 ប្រសិនបើនរណាបរិភោគជំនូនបរិសុទ្ធ ដោយមិនដឹងខ្លួនត្រូវយកអាហារមកសងអ៊ីមុាំស្របតាមតម្លៃជំនូននោះ ព្រមទាំងបន្ថែមមួយភាគប្រាំផង។ 15 អ៊ីមុាំមិនត្រូវធ្វើឲ្យជំនូនបរិសុទ្ធដែលជនជាតិអ៊ីស្រអែលយកមកជូនអុលឡោះតាអាឡា ក្លាយទៅជាសៅហ្មងឡើយ។ 16 ប្រសិនបើអ៊ីមុាំបរិភោគជំនូនបរិសុទ្ធ ដោយមិនសមរម្យពួកគេនឹងធ្វើឲ្យជនជាតិអ៊ីស្រអែលមានទោស។ យើងជាអុលឡោះតាអាឡាដែលញែកពួកគេឲ្យបានបរិសុទ្ធ»។ ការជ្រើសរើសសត្វសម្រាប់ធ្វើគូរបាន17 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 18 «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រអែល អ្នកណានាំយកសត្វមកធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា ទោះបីជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្តក្តី 19 ដើម្បីឲ្យគាប់ចិត្តអុលឡោះតាអាឡា គេត្រូវយកគោឈ្មោល កូនចៀម និងកូនពពែដែលល្អឥតខ្ចោះមកជូន។ 20 មិនត្រូវធ្វើសត្វណាមួយដែលពិការឡើយ ដ្បិតអុលឡោះមិនពេញចិត្តទទួលពីអ្នកទេ។ 21 ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកជូនអុលឡោះតាអាឡាជាគូរបានមេត្រីភាព ដើម្បីលាបំណន់ ឬជាជំនូនស្ម័គ្រចិត្តសត្វនោះ ត្រូវតែល្អឥតខ្ចោះ ទើបគាប់ចិត្តអុលឡោះ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។ 22 មិនត្រូវធ្វើសត្វដែលខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាគូរបានដុតលើអាសនៈជូនអុលឡោះតាអាឡាឲ្យសោះ។ 23 អ្នកអាចយកគោ ឬកូនចៀមដែលមានជើងវែងពេក ឬខ្លីពេក មកជូនជាជំនូនស្ម័គ្រចិត្តបាន តែបើជាជំនូនលាបំណន់វិញ អុលឡោះតាអាឡាមិនពេញចិត្តទទួលសត្វបែបនេះទេ។ 24 អ្នកមិនត្រូវយកសត្វដែលគេដំកំទេច កាត់ ឬក្រៀវពងមកជូនឡើយ។ ក្នុងស្រុករបស់អ្នករាល់គ្នា កុំធ្វើរបៀបនេះឲ្យសោះ។ 25 អ្នករាល់គ្នាមិនត្រូវទទួលសត្វប្រភេទនេះពីជនបរទេស មកជូនជាអាហារដល់ម្ចាស់របស់អ្នករាល់គ្នាឡើយ ព្រោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេក្រៀវ។ ដូច្នេះ អុលឡោះមិនព្រមទទួលពីអ្នករាល់គ្នាឡើយ»។ 26 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 27 «គោ ចៀម ឬពពែដែលកើតមកត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាគូរបានដុតដែលអុលឡោះតាអាឡាពេញចិត្តនឹងទទួល។ 28 មិនត្រូវសម្លាប់គោ ឬចៀម ទាំងមេ ទាំងកូន ក្នុងថ្ងៃតែមួយឡើយ។ 29 ពេលណាអ្នករាល់គ្នាយកគូរបានមកជូនអុលឡោះតាអាឡា ដើម្បីលើកតម្កើងទ្រង់ ត្រូវជូនតាមរបៀបដែលអុលឡោះពេញចិត្ត។ 30 ចូរបរិភោគសាច់របស់សត្វនោះនៅថ្ងៃធ្វើគូរបាន គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាអុលឡោះតាអាឡា។ 31 អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។ យើងជាអុលឡោះតាអាឡា។ 32 អ្នករាល់គ្នាមិនត្រូវបន្ថោកឈ្មោះបរិសុទ្ធរបស់យើងឡើយ តែត្រូវឲ្យប្រជាជនទាំងអស់នៅស្រុកអ៊ីស្រអែលទទួលស្គាល់ថា យើងជាម្ចាស់បរិសុទ្ធ។ យើងជាអុលឡោះតាអាឡា ដែលញែកអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។ 33 យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាអុលឡោះតាអាឡា»។ |
© 2014 United Bible Societies, UK.
United Bible Societies