ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 16 - អាល់គីតាប អាល់គីតាប
លេវី‌វិន័យ 16

ហ៊ូកុំ​ស្តី​អំពី​ពិធី​រំដោះ​បាប​ប្រចាំ​ឆ្នាំ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា ក្រោយ​គ្រា​ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​ហារូន​ស្លាប់ នៅ​ពេល​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា។

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ហារូន​ជា​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន​ដែល​នៅ​ពី​មុខ​គំរប​ហិប​នៃ​សម្ពន្ធ‌មេត្រី​បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។

3 ពេល​ហារូន​ចូល​ទៅ​ក្នុង​ទី​សក្ការៈ ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។

4 គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឆ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀក​បំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់​គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។

5 គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រ‌អែល សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។

6 ហារូន​ត្រូវ​ធ្វើ​គោ​ឈ្មោល​របស់​គាត់ ជា​គូរបាន​រំដោះ​បាប​សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។

7 គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ ទៅ​ដាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

8 ហារូន​ត្រូវ​ចាប់​ឆ្នោត ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ជូនអុលឡោះ‌តាអាឡា មួយ​ទៀត​ឲ្យ​ដោះលែង។

9 ពេល​ចាប់​ឆ្នោត​រួច​ហើយ ហារូន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ជូនអុលឡោះ‌តាអាឡា ទៅ​ធ្វើ​ជា​គូរបាន​រំដោះ​បាប។

10 រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ដោះលែង ក៏​ត្រូវ​យក​មក​ទាំង​រស់​ដាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា​សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។

11 ហារូន​ត្រូវ​ធ្វើ​គោ​បា​ជា​គូរបាន​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសា​របស់​គាត់។ គាត់​ត្រូវ​អារ​ក​គោ​បា​នោះ​សម្រាប់​រំដោះ​បាប​របស់​ខ្លួន។

12 គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះអុលឡោះ‌តាអាឡា ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ត​ចំនួន​ពីរ​ក្តាប់​មក​ជាមួយ​ចូល​ទៅ​ក្នុង​វាំង​នន​សក្ការៈ។

13 គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះអុលឡោះ‌តាអាឡា ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គំរប​ហិប​ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិ​សញ្ញា។ ធ្វើ​ដូច្នេះ​គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។

14 គាត់​ត្រូវ​យក​ឈាម​គោ​បា​មក ហើយ​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ ប្រោះ​ពី​មុខ​គំរប​ហិប​ដែល​នៅ​ជ្រុង​ខាង​កើត។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ធ្វើ​ពិធីប្រោះ​ឈាម​លើ​ផ្នែក​ខាង​មុខ​ហិប​ដូច្នេះ​ចំនួន​ប្រាំ‌ពីរ​ដង។

15 គាត់​ត្រូវ​អារ​ក​ពពែ​ឈ្មោល​សម្រាប់​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅលើ​គំរប​ហិប និង​ផ្នែក​ខាង​មុខ​គំរប​ហិប​ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។

16 គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះទី​សក្ការៈ​បំផុត​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​កណ្តាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។

17 ពេល​គាត់​ចូល​ទៅ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ក្នុង​ទី​សក្ការៈ​បំផុត រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។

18 គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ​ដែលស្ថិត​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ធ្វើ​ពិធី​ជម្រះ​អាសន: គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំ​វិញ​ស្នែង​ទាំង​បួន​របស់​អាសន:។

19 គាត់​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំ‌ពីរ​ដង។ គាត់​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល រួច​ញែក​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ។

20 ពេល​គាត់​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​បំផុត​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ជម្រះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់​ចូល​មក។

21 ហារូន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់​ដោយ​លន់​តួ កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន។

22 ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ ទៅ​វាល​រហោ‌ស្ថាន​ផុត​ហើយ

23 ហារូន​ត្រូវ​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​វិញ រួច​ដោះ​សម្លៀក​បំពាក់ ធ្វើ​ពី​អំបោះ​ធ្មៃ​ដែល​គាត់​ពាក់​សម្រាប់​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ​បំផុត​នោះទុក​នៅ​ក្នុង​ទី​សក្ការៈ​បំផុត។

24 គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក​បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ធ្វើ​គូរបាន​ដុត​របស់​គាត់ និង​គូរបាន​ដុត​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។

25 គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។

26 រីឯ​បុរស​ដែល​ដេញ​ពពែ​ត្រូវ​ដោះលែង​នៅ​វាល​រហោ‌ស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក​បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។

27 រីឯ​គោ​បា និង​ពពែ​ឈ្មោល​ដែល​គេ​សម្លាប់​ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត សម្រាប់​លោះ​បាប​នោះ​គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក​ទាំង​សាច់ និង​គ្រឿង​ក្នុង។

28 អ្នក​ដែល​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក​បំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។

29 នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំ‌ពីរ​អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា‌ម្ចាស់​ស្រុក ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា

30 ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ។ ពេល​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។

31 ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ហើយ​តម​អាហារ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​ឡើយ។

32 មាន​តែ​អ៊ីមុាំ​ដែល​បាន​ទទួល​ការ​តែង‌តាំង ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ អ៊ីមុាំ​នោះ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ​ដែល​ជា​សម្លៀក​បំពាក់​សក្ការៈ។

33 គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​បំផុត​ជម្រះ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។

34 នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

© 2014 United Bible Societies, UK.

United Bible Societies