Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 17 - អាល់គីតាប


កន្លែង​ដែល​ត្រូវ​ធ្វើ​គូរបាន

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា ដូច​ត​ទៅ៖

2 «ចូរ​ប្រាប់​ហារូន និង​កូន​ប្រុស​របស់​គាត់​ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូលថា អុលឡោះ‌តាអាឡា​បាន​បង្គាប់​ដូច​ត​ទៅ:

3 ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល បើ​បុរស​ណា​ម្នាក់​ចង់​អារ​ក​គោ ចៀម ឬ​ពពែ​ក្នុង​ជំរំ ឬ​ក្រៅ​ជំរំ

4 ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ជូន​ជា​ជំនូន​ដល់​ទ្រង់​នៅ​មុខ​ជំរំ‌សក្ការៈ។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

5 ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ឲ្យ​សម្លាប់​សត្វ ធ្វើ​គូរបាន​នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​អ៊ីមុាំ​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ជូន​ដល់អុលឡោះ‌តាអាឡា​ទុកជា​គូរបាន​មេត្រី​ភាព។

6 អ៊ីមុាំ​ត្រូវ​ប្រោះ​ឈាម​សត្វ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា​នៅ​មាត់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ អ៊ីមុាំ​ត្រូវ​ដុត​ខ្លាញ់​សត្វ​នោះ ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

7 ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង​ដោយ​ធ្វើ​គូរបាន​ទៅ​ព្រះ​ក្លែង​ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ហ៊ូកុំ​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ​ត្រូវ​កាន់ រហូត​ត​ទៅ​ឥត​ប្រែ​ប្រួល​ឡើយ។

8 ចូរ​ប្រាប់​ពួក​គេ​ថា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​ធ្វើ​គូរបាន​ដុត ឬ​គូរបាន​អ្វី​មួយ

9 តែ​មិន​នាំ​សត្វ​នោះ​មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។


ការ​ហាម​ឃាត់​បរិភោគ​ឈាម

10 «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន

11 ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។

12 ហេតុ​នេះ យើង​ហាម​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បរិភោគ​ឈាម​ជា​ដាច់​ខាត។

13 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុ‌ប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។

14 ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ហាម​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​លោក​ណា​មួយ​ឡើយ ដ្បិត​ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ឈាម ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន”។

15 មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស​ដែល​បរិភោគ​សត្វ​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក ត្រូវ​យក​ទឹក​លាង​សំអាត​សម្លៀក​បំពាក់ និង​រូប​កាយ​របស់​ខ្លួន​គេ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច រួច​ទើប​បាន​បរិសុទ្ធ​ឡើង​វិញ។

16 ប្រសិន​បើ​គេ​មិន​លាង​សម្លៀក​បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម