ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ពួក​ចៅ‌ហ្វាយ 13 - អាល់គីតាប អាល់គីតាប
ពួក​ចៅ‌ហ្វាយ 13

កំណើត​របស់​លោក​សាំសុន

1 ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

2 គ្រា​នោះ នៅ​ក្រុង​សូរ៉ាស់ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូ‌អា ក្នុង​កុល‌សម្ព័ន្ធ​ដាន់។ ភរិយា​របស់​គាត់​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​ឡើយ។

3 ថ្ងៃ​មួយ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​បាន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។

4 ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន​កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​ហាឡាល់​ដែរ

5 ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ជូន​អុលឡោះតាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ទុក​ជា​អ្នក​ណា‌សារីត​មួយ​នាក់។ កូន​នោះ​នឹង​ចាប់​ផ្តើម​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន»។

6 ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បម្រើ​មួយ​នាក់​របស់​អុលឡោះ​បាន​មក​ជួប​ខ្ញុំ គាត់​មាន​ភិន​ភាគ​ដូច​ម៉ាឡា‌អ៊ីកាត់​នៃ​អុលឡោះដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ‌លែង។ ខ្ញុំ​មិន​បាន​សួរ​គាត់​ថា អ្នក​មក​ពី​ណា​ទេ ហើយ​គាត់​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ខ្ញុំ​ស្គាល់​ដែរ។

7 គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ គាត់​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ហាឡាល់​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ជូន​អុលឡោះ​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ ទុក​ជា​អ្នក​ណា​សារីត​មួយ​គត់​រហូត​អស់​មួយ​ជីវិត»។

8 លោក​ម៉ាណូ‌អា​ក៏​សូម​អង្វរអុលឡោះ‌តាអាឡា​ថា៖ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​គាត់​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។

9 អុលឡោះ​ស្តាប់​ពាក្យ​សូម​អង្វរ​របស់​លោក​ម៉ាណូ‌អា ហើយ​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្តង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចម្ការ។ ពេល​នោះ លោក​ម៉ាណូ‌អា ប្ដី​របស់​នាង​មិន​បាន​នៅ​ជា​មួយ​ទេ។

10 នាង​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ​ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។

11 លោក​ម៉ាណូ‌អា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស​ហើយ​ពោល​ថា៖ «តើ​អ្នក​ឬ​ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ម៉ាឡា‌អ៊ីកាត់​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

12 លោក​ម៉ាណូ‌អា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។

13 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​តប​មក​លោក​ម៉ាណូ‌អា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់

14 នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង​បាយ​ជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​ហាឡាល់​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់»។

15 លោក​ម៉ាណូ‌អា​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថា៖ «សូម​អ្នក​មេត្តា​រង់​ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀប‌ចំ​កូន​ពពែ​មួយ​ជូន​អ្នក»។

16 ម៉ាឡា‌អ៊ីកាត់​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀប‌ចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូ‌អា​ពុំ​ដឹង​ថា ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ទេ

17 គាត់​ក៏​សួរ​ថា៖ «តើ​អ្នក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ដឹង​គុណ​អ្នក នៅ​ពេល​ហេតុ‌ការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​អ្នក»។

18 ម៉ាឡា‌អ៊ីកាត់​នៃ​អុលឡោះ‌តាអាឡា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។

19 បន្ទាប់​មក លោក​ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ជូន​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ធ្វើ​ជា​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា។ ពេល​លោក​ម៉ាណូ‌អា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ

20 គឺ​ក្នុង​ពេល​អណ្តាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ក៏​ឡើង​ទៅ​ជា​មួយ​អណ្តាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូ‌អា និង​ភរិយា​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

21 កាល​អ្នក​ទាំង​ពីរ​មើល​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូ‌អា​ដឹង​ថា​ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា

22 ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​អុលឡោះ»។

23 ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើអុលឡោះ‌តាអាឡា​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ទ្រង់​មិន​ទទួល​គូរបាន​ដុត និង​ជំនូន​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ ដែល​យើង​បាន​ឮ​នេះ​ដែរ»។

24 ភរិយា​របស់​លោក​ម៉ាណូ‌អា បង្កើត​បាន​កូន​ប្រុស​មួយ​ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំ‌សុន។ កូន​នោះ​មាន​វ័យ​ចំរើន​ធំ​ឡើង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ពរ​គាត់។

25 រស​នៃអុលឡោះ‌តាអាឡា​បាន​ចាប់​ផ្តើម​ធ្វើ​សកម្ម‌ភាព​ក្នុង​ជីវិត​គាត់ ពេល​ដែល​គាត់​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។

© 2014 United Bible Societies, UK.

United Bible Societies