ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 85 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 85

ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពេញ​ចិត្ត នឹង​ទឹក​ដី​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពូជ‌ពង្ស​របស់​យ៉ាកកូប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​វិញ​ ។

2 ទ្រង់​បាន​លើក‌លែង​ទោស ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​បាន​អត់‌ទោស​គេ​ឲ្យ​រួច ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក

3 ទ្រង់​បាន​ដក​កំហឹង​ចេញ​ពី​យើង​ខ្ញុំ ទ្រង់​ឈប់​ខឹង​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។

4 ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ​ សូម​ឈប់​ប្រកែ‌ប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។

5 តើ​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ​រហូត​ឬ? តើ​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?

6 តើ​ទ្រង់​មិន​មក​វិញ ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ទ្រង់​ទេ​ឬ?

7 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​សំដែង​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

8 ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់ មាន​បន្ទូល ដ្បិត​ទ្រង់​មាន​បន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើ ទ្រង់ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។

9 ពិត​មែន​ហើយ ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​ក្នុង​ពេល​ឆាប់ៗ សិរី‌រុង‌រឿង​របស់​ទ្រង់​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។

10 អុលឡោះ‌តាអាឡា​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។

11 ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មក ហើយ​ក៏​មាន​សេចក្ដី​សុចរិត លេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។

12 អុលឡោះ‌តាអាឡា​ផ្ទាល់​ប្រទាន​សុភ‌មង្គល​មក​យើង ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។

13 សេចក្ដី​សុចរិត​នៅ​មុខ​អុលឡោះ‌តាអាឡា ដើម្បី​រៀបចំ​ផ្លូវ​ជូន​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies