Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 84 - អាល់គីតាប


ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​អុលឡោះ​ណាស់!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សម្រាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ខ្ញុំ​ស្រឡាញ់​ដំណាក់ របស់​ទ្រង់​ណាស់!

2 ខ្ញុំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូល ទៅ​ក្នុង​ម៉ាស្ជិទ​របស់​អុលឡោះ‌តាអាឡា​ពន់​ពេក​ក្រៃ ខ្ញុំ​បន្លឺ​សំឡេង​តម្កើង​ទ្រង់​ដ៏​នៅ​អស់‌កល្ប អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។

3 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​អុលឡោះ​ជា​ស្តេច​នៃ​ខ្ញុំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ទ្រង់​ដែរ។

4 មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ គេ​នឹង​សរសើរ​តម្កើង​ទ្រង់​រហូត​ត​រៀង​ទៅ!។ - សម្រាក

5 អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​អុលឡោះ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ! ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ដំណាក់ របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌សរ។

6 នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីង‌ស្ងួត ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក ជា​ពរ​លើ​កន្លែង​នោះ​ដែរ។

7 ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា‌និច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​អុលឡោះ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

8 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យ៉ាកកូប​អើយ សូម​ស្តាប់​ខ្ញុំ​ផង!។ - សម្រាក

9 ឱ​អុលឡោះ​អើយ ទ្រង់​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ប្រណី‌សន្ដោស​មើល​មក​ស្តេច ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង!។

10 មួយ​ថ្ងៃ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់

11 ដ្បិត​អុលឡោះ‌តាអាឡា ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង អុលឡោះ‌តាអាឡា​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុង‌រឿង ទ្រង់​តែងតែ​ប្រទាន​សុភ‌មង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។

12 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ អ្នក​ណា​ទុក​ចិត្ត​លើ​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម